(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើងថា ការបន្ធូរបន្ថយការរឹតត្បិតលើ ទេសន្ដប្រវេសន៍ (ការធ្វើចំណាកស្រុក) ដើម្បីស្វែងរកការងារ អាចជួយបង្កើនសុខមាលភាពរបស់កម្មករ និងបង្កើនការធ្វើសមាហរណកម្ម សេដ្ឋកិច្ចតំបន់កាន់តែប្រសើរ។

យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក មានចំណងជើងថា «ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាស» ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ចំណាកស្រុកទៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ាន បានកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងចន្លោះពីឆ្នាំ១៩៩៥ ដល់ ២០១៥ ដោយបានប្រែក្លាយប្រទេស ម៉ាឡេស៊ី សឹង្ហបូរី និងថៃឡង់ ទៅជាទីកន្លែងសម្រាប់ពលករ ចំណាកស្រុក ចំនួន ៦,៥លាននាក់ រស់នៅក្នុងតំបន់នេះ គឺស្មើនឹង៩៦ភាគរយ នៃចំនួនពលករចំណាកស្រុកនៅក្នុងតំបន់អាស៊ាន។

របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ប្រាក់ដែលពលករផ្ញើទៅកាន់ប្រទេសកំណើនរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន មានប្រមាណ៦២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៥។ ចំនួនទឹកប្រាក់នេះស្មើនឹង១០ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេស ហ្វីលីពីន ស្មើ៧ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសវៀតណាម ស្មើ៥ភាគរយ នៃផលិតផលសរុបក្នុងស្រុក នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងស្មើ ៣ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានលើកឡើងថា ជាមួយនឹងការ ជ្រើសរើសគោលនយោបាយដ៏ត្រឹមត្រូវ ប្រទេសបញ្ជូនពលករ ចេញអាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច នៃចំណាកស្រុកទៅក្រៅ ប្រទេស ស្របពេលដែលមានការគាំពារពលករចំណាកស្រុក ដែលជ្រើសរើសទៅធ្វើការក្រៅប្រទេស។

លោក ស៊ុឌៀ សេតទី បានបន្ដថា នៅក្នុងប្រទេសទទួលយកពលករ ពលករបរទេសអាចបំពេញនូវកង្វះខាតកម្លាំងពលកម្មនិងជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនីរន្តរភាពប្រសិន បើគោលនយោបាយទេសន្តប្រវេសន៍ដើរស្របគ្នា ជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ច។ គោលនយោបាយមិនសមស្រប និងស្ថាប័នមិនមានប្រសិទ្ធិភាព មានន័យថា តំបន់នេះកំពុងតែ បាត់បង់ឱកាសទទួលបានប្រយោជន៍ ដ៏ពេញលេញពីទេសន្តប្រវេសន៍នេះ។

សេដ្ឋកិច្ចវិទូផ្នែកការគាំពារសង្គម និងការងាររបស់ធនាគារពិភពលោក លោក ម៉រ៉ូ តេស្តាវើដ ដែលជាអ្នកដឹកនាំសរសេររបាយការណ៍នេះ បានថ្លែងថា «មិនថាពលករ ចង់ធ្វើចំណាកស្រុក ទៅកាន់ទីណាទេ នៅក្នុងតំបន់អាស៊ាននេះ ពួកគេប្រឈមនឹងបម្លាស់ទីដែលត្រូវ ចំណាយបីឬបួនដង នៃប្រាក់បៀវត្សរ៍មធ្យមប្រចាំឆ្នាំរបស់ខ្លួន។ ការកែលម្អដំណើរការ នៃការធ្វើចំណាកស្រុកអាចជួយកាត់បន្ថយ ថ្លៃចំណាយរបស់ពលករទាំងនេះនាពេលអនាគត និងជួយប្រទេសទាំងនេះ ឆ្លើយតបបានប្រសើរ ទៅនឹងតម្រូវការទីផ្សារ ពលកម្មរបស់ខ្លួន»

លោក ម៉រ៉ូ តេស្តាវើដ បានបន្ដទៀតថា ផលប៉ះពាល់នៃបម្លាស់ទី ពលកម្មទៅលើផែនការសេដ្ឋកិច្ចរបស់តំបន់នេះ អាចមានទំហំធំព្រោះ ការធ្វើចំណាកស្រុក អាចផ្តល់ដល់ពលករនានា ដែលមកពីប្រទេសមានប្រាក់ចំណូលទាបជាងគេនូវឱកាស សម្រាប់បង្កើននូវប្រាក់ ចំណូលរបស់ខ្លួន។ ផលប៉ះពាល់នៃការផ្ញើប្រាក់ទៅកាន់ប្រទេសកំណើនរបស់ខ្លួនលើផលិតផល សរុបក្នុងស្រុករបស់ជាតិ ក៏មានទំហំធំដែរ។

របាយការណ៍ បានប៉ាន់ប្រមាណថា ការកាត់បន្ថយឧបសគ្គ ចំពោះបម្លាស់ទីពលកម្ម នឹងជួយធ្វើឲ្យប្រសើរឡើងដល់សុខមាលភាព របស់កម្មករ គឺអាចបង្កើនសុខមាលភាពរបស់ពួកគេ បាន១៤ភាគរយ ប្រសិនបើផ្តោត តែទៅលើក្រុមពលករដែលមានជំនាញខ្ពស់ និងអាចបង្កើនបាន២៩ភាគរយ ប្រសិនបើផ្តោតទៅលើក្រុមពលករទាំងអស់៕