(ភ្នំពេញ)៖ កម្មករ-កម្មការិនីជាង៦ពាន់នាក់​ នៅរោងចក្រសាប្រ៊ីណា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៨១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនកម្មករ-កម្មការិនី នៅរោងចក្រសាប្រ៊ីណា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួនជាង៦ពាន់នាក់។

ក្នុងនោះ​បានពិនិត្យព្យាលបាល ជំងឺស្រ្តី១៦៣នាក់, ជំងឺផ្លូវចិត្ត២៥០នាក់, ជំងឺឫសដូងបាត៤៧១នាក់, ជំងឺសន្លាក់ឆ្អឹង៣១២នាក់, ជំងឺរលាកសួត៧៨នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៣១៥នាក់, ជំងឺភ្នែក១៩១នាក់, ជំងឺសើរស្បែក៧៩នាក់, ជំងឺទឹកនោមផ្អែម១៧៧នាក់, ជំងឺមាត់ធ្មេញ១៣១នាក់, អេកូសាស្ត្រ៩៦នាក់ និងជំងឺទូទៅ៣៧៦៤នាក់ និងព្យាបាលរបួស និងវះកាត់តូច៧៥នាក់។

លោក សុខ កុសល រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រូបគាត់កំពុងមានជំងឺសន្លាកជើង តាមរយៈការក្រហាយសាច់ដុំជើង។ លោកបន្ថែម «ខ្ញុំសប្បាយចិត្តដោយសារឯកឧត្តម ហ៊ុន ម៉ានី បានយកចិត្តទុកដាក់ជាមួយ កម្មករស្ទើរតែនៅទូទាំងប្រទេស តាមរយៈការផ្ដល់គ្រូពេទ្យស្ម័គ្រចុះពិនិត្យសុខភាព ដោយឥតគិតថ្លៃ»។

បន្ថែមពីលើភាពរីករាយលោក សុខ កុសល ចង់ឲ្យលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឧស្សាហ៍ចុះសួរសុខទុក្ខកម្មករនៅតាមរោងចក្រ ដោយផ្ទាល់បន្ថែមទៀត។

ចំណែកកម្មការិនីម្នាក់ទៀតឈ្មោះ សឿន រីណា នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបំរើការងារនៅរោងចក្រសាប្រ៊ីណា ជិត១០ឆ្នាំមកហើយនោះថ្លែងថា បច្ចុប្បន្នរូបគាត់កំពុងមានជំងឺក្រពះ។ គាត់បញ្ជាក់ថា «ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យឧស្សាហ៍ ចុះមកពិនិត្យសុខភាពពួកខ្ញុំបន្តិច ព្រោះសប្បាយចិត្តព្យាបាលជំងឺ ដោយឥតគិតថ្លៃអ៊ីចឹង!»។

ក្រៅពីសប្បាយចិត្តដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យសុខភាពដោយមិនគិតថ្លៃនោះ កម្មករ កម្មការិនី ក៏បានបង្ហាញរីករាយនៅពេលដែលដឹងថា ប្រាក់ខែពួកគេឡើងដល់១៧០ដុល្លារ។

លោក សុខ កុសល ដដែលថ្លែងថា «មែនទែនទៅប្រាក់ខែ ខ្ញុំលើសពីអ្វីដែលគេប្រកាស ទៅទៀតដោយ ខ្ញុំទទួលបាន១៩០ដុល្លារ ដែលបូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ក្នុងមួយខែខ្ញុំទទួលបានប្រាក់ចំណូល២៦០ដុល្លារ»។

ចំណែកកម្មាការិនី សឿន រីណា វិញថ្លែងថា «ខ្ញុំធ្វើការយ៉ាងហោចណាស់ក៏បាន២៤០ ដែលបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។ ចាយវាយរាងធូរជាងមុនតិចពេលដឹងថា ប្រាក់ខែឡើងដល់១៧០ដុល្លារ»។

សូមបញ្ជាក់ថារយៈពេល៥៨ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,០៣៤នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៨៣លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន១៣០,០៥៧នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕