(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា​ បានព្រមានថានឹងបន្ដតាមដាន និងចាត់វិធានការចំពោះអ្នកផ្ដល់ប្រាក់កម្ចី ដែលមិនមានច្បាប់ត្រឹមត្រូវឲ្យបាន​ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជៀសវាងការប្រព្រឹត្តិបទល្មើណាមួយជាយថាហេតុ ពីបុគ្គលអគតិ និងដើម្បីបន្ដខិតខំជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ​មានលក្ខណៈអនុគ្រោះ​ សម្រាប់​ប្រជាពលរដ្ឋក្រីក្រ។ នេះបើតាមការឲ្យដឹង​ពីលោក ជា ចាន់តូ អគ្គទេសាភិបាលធានាគារជាតិនៃកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ​ស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ លោក ជា ចាន់តូ បានថ្លែង​ឲ្យដឹងថា ធនាគារជាតិនឹងចាត់វិធានការ ចំពោះអ្នកផ្ដល់ប្រាក់កម្ចីណា មិនមាន​ច្បាប់ត្រឹម​ត្រូវដល់ប្រជាពលរដ្ឋ ការចាត់វិធានការនេះ
ដើម្បីពង្រីក​ការផ្ដល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម។ មួយវិញទៀតធ្វើយ៉ាងណា​ ដើម្បី​ផ្ដល់​ភាពងាយស្រួលដល់
ប្រជាពលរដ្ឋ ឲ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថាន​ ស្របច្បាប់ហើយធានាថា ផលប្រយោជន៍របស់
ពួកគាត់ត្រូវបានការពារ ប្រកបដោយតម្លាភាព។

លោកបានបន្ដទៀតថា ដើម្បីបន្ដពង្រឹងកិច្ចគាំពារអតិថិជន ធនាគារជាតិនៃកម្ពុជា បានបង្កើតការបំរើសេវា​ទូរស័ព្ទ​តាមប្រព័ន្ធ Hotline ដើម្បីផ្ដល់ឲ្យសាធារណជនទាំងអស់ ទំនាក់ទំនងដោះស្រាយពីបញ្ហាពាក់ព័ន្ធ នឹងការប្រើប្រាស់ហិរញ្ញវត្ថុ តាមទីស្នាក់ការ​កណ្ដាល​ធនាគារជាតិនៃកម្ពុជា ក្នុងរាជធានីភ្នំពេញចំនួន៥ខ្សែ និងតាមបណ្ដាសាខាធានាគារជាតិនៃកម្ពុជា​រាជធានី-ខេត្ត ចំនួន២១ខ្សែទៀត។

លោកបន្តថា ធនាគារជាតិក៏បានបន្ដ រៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ជូនសាធារណជនឲ្យបានជ្រួតជ្រាបបន្ថែមទៀត អំពីប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងបញ្ហាផ្សេងៗដែលអាចកើតឡើងពី ការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ។ បន្ដដាក់ចេញក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ និង​ការត្រួតពិនិត្យដោយត្រូវថ្លឹងថ្លែង ប្រកបដោយសមភាព និងធ្វើសុខដុមនីយកម្មក្របខ័ណ្ឌគតិយុត្តិ និងពង្រឹងប្រសិទ្ធភាពអនុវត្ត​តាម​ច្បាប់​ និងបទប្បញ្ញត្តិនានា។

លោកក៏បានបន្ថែមឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវកំណត់គោលការណ៍មួយចំនួនដូចជា៖

* កំណត់​នូវគោលនយោបាយ​ច្បាស់លាស់​ និងដាក់ចេញនូវវិធានការតឹងរឹងចំពោះ​មន្រ្ដី និងបុគ្គលិកគ្រប់រូបដែលមិនគោរពតាម
បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ​របស់​គ្រឹះស្ថាន។

* បន្ដអនុវត្តតាមស្មារតីនៃប្រកាស ស្ដីពីការកំណត់ពិដានអត្រាការប្រាក់ឥណទាន ១៨ភាគរយ ឲ្យប្រកបដោយប្រសិទ្ធភាព​បន្ថែមទៀត។

* ត្រូវផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយក្រមសីលធម៌​វិជ្ជាជីវៈ​ ការទទួលខុសត្រូវ និងការប្រកួត​ប្រជែងដោយតម្លាភាព ស្របតាមកាប្រ​កាសនានារបស់ធនាគារជាតិនៃកម្ពុជា និងក្រមប្រតិបត្តិរបស់គ្រឹះស្ថាន ក៏ដូចជាពង្រឹងការអនុវត្តតាមគោលការណ៍ នៃកិច្ចការពារអតិថិជនរបស់ Smart Campaign ផងដែរ។

* ត្រូវពង្រឹងប្រសិទ្ធភាព និងចាត់វិធានការអនុវត្តពាក់ព័ន្ធ​នឹងកិច្ចការពារអតិថិជន ដូចជាការបង្កើត Call Center និងផ្សព្វផ្សាយ​ឲ្យអតិថិជនបានដឹងអំពីលេខទូរស័ព្ទ និងអាស័យដ្ឋានទំនាក់ទំនង​ដើម្បផ្ដល់លទ្ធភាព​ និងភាពងាយស្រួលដល់អតិថិជន ​ក្នុងការធ្វើ​ទំនាក់ទំនង។

* បង្កើតការបណ្ដុះបណ្ដាល ការអប់រំ និងការផ្សព្វផ្សាយឲ្យបានច្រើនបន្ថែមទៀត ​ដើម្បីជួយឲ្យអតិថិជនកាន់តែយល់ច្បាស់ អំពីការ​ប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោដៅ និងគោរពតាមកាតព្វកិច្ចប្រាក់កម្ចី ជាដើម៕