(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន និងករណីចោរកម្ម (លួចម៉ូតូ) ដកហូតបានវត្ថុតាងមួយចំនួន។

មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះ រួមមាន ១៖ ឈ្មោះ គឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ រស់នៅលើផែស៊ូទ្រី ក្រុមទី២៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ និងទី២៖ ជនសង្ស័យឈ្មោះ ហ៊ុន ម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។

មន្ដ្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៧ វេលាម៉ោង០៣៖០០នាទីទៀបភ្លឺ នៅលើផែស៊ូទ្រី ក្រុមទី២៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចយកម៉ូតូកើតឡើង។ ជនរងគ្រោះ ឈ្មោះ លាត សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករទូកនេសាទ បានទុកម៉ូតូនៅផែកើតហេតុខាងលើ ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយក។ សម្ភារបាត់បង់ ម៉ូតូម៉ាក HONDA C125 សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន 9609146 ពាក់ស្លាកលេខ ព្រះសីហនុ1-1418។

ក្រោយពេលកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់លេខ១ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យដៃដល់ម្នាក់ឈ្មោះ គឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ បានឆ្លើយសារភាពថា ខ្លួនប្រើប្រាស់ដែកទួណាវីសគាស់ក្បាំងកមុខម៉ូតូ​រួចហើយ បានផ្តាច់ខ្សែសោរម៉ូតូ និងកាច់បំបាក់ស្លាកលេខជាពីរ ហើយជិះគេចខ្លួនយកម៉ូតូ ទៅលាក់ទុកនៅមុខរោងចក្រសាន់វ៉ា (សង្កាត់លេខ១) ។
លុះព្រឺកឡើង ថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង០៧៖៣០នាទី ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមនឹងម៉ូតូលួចបាន។ វត្ថុតាងចាប់យកបាន ម៉ូតូម៉ាកខាងលើ (ផលចោរកម្ម)។

មន្ដ្រីនគរបាលដដែររូបនេះ បានឲ្យដឹងទៀតថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២៣៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ ហ៊ុន ម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន ៣៣កញ្ចប់, ទូរស័ព្ទ១គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកវេវ ប្រដាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ បានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕