(ភ្នំពេញ)៖ ឃាតកមួយក្នុងចំណោមឃាតកទាំង១០ ដែលសម្លាប់ប្រជាជនខ្មែរច្រើនជាងគេបំផុតនោះគឺជំងឺ មហារីក។​ ស្ថិតិចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ក្នុងមួយឆ្នាំៗមាន ប្រជាជនកម្ពុជាប្រហែល១៥០០០នាក់ កើតជំងឺមហារីក និងជាង១០០០០នាក់ ស្លាប់ទៅវិញ ដោយសារជំងឺដ៏កាចសាហាវនេះ។

ជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជានោះគឺ៖ មហារីកមាត់ស្បូន មហារីកសុដន់ មហារីក មហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ និងមហារីកក្រអូមមាត់។ រីឯជំងឺមហារីកចំនួន៦​ ដែលកើតញឹកញាប់ជាងគេបំផុត លើបុរសកម្ពុជាវិញនោះមាន៖ មហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ មហារីកក្រពះ មហារីកកូនកណ្តុរ និងមហារីកក្រអូមមាត់។ ជំងឺមហារីកទាំងអស់ខាងលើនេះ (លើកមហារីកកូនកណ្តុរ) សុទ្ធសឹងជាជំងឺមហារីក ដែលអាចបង្ការបានមានប្រសិទ្ធិភាពខ្ពស់ ប្រសិនបើប្រជាពលរដ្ឋយល់ ដឹងពីការបង្ការជំងឺមហារីកបានគ្រប់គ្រាន់។

យោងតាមការស្រាវជ្រាវបញ្ចប់ថ្នាក់បណ្ឌិត របស់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ដែលសព្វថ្ងៃ ជាប្រធានផ្នែកវិភាគដុំសាច់មហារីក នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា អត្រាកើតជំងឺមហារីកពោះវៀនធំ លើប្រជាជនកម្ពុជា វ័យក្មេងអាយុក្រោម៤០ឆ្នាំ គឺមានអត្រាខ្ពស់គួរឲ្យកត់សំគាល់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង និងប្រទេសអភិវឌ្ឍនានា។ ដោយឡែកមូលហេតុ ដែលបណ្តាលឲ្យកើតជំងឺ មហារីកនេះ ទាំងវ័យក្មេង ដូច្នេះពុំទាន់ត្រូវបានស្រាវជ្រាវរកឃើញនៅឡើយទេ ដោយហេតុថា ការស្រាវជ្រាវពីជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។

មជ្ឈមណ្ឌលជាតិជំងឺមហារីក ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០១៨នេះ ផ្តោតសំខាន់ទៅលើការព្យាបាល ការបង្ការ និងការស្រាវជ្រាវពីជំងឺមហារីក។ ដើម្បីចូលរួមចំណែក ធ្វើឲ្យប្រសើរនូវការបង្ការ និងស្រាវជ្រាវពីជំងឺមហារីកនៅកម្ពុជា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និត ជាមួយមន្ទីរពេទ្យកាល់ម៉ែត និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិតរៀបចំឡើងនូវគម្រោង CRANE (Cancer Remembrance Appeal for the Needy) ដែលមានគោលបំណងសំខាន់៣គឺ៖ ជាការរំលឹក និងចងចាំ ដល់ជនរងគ្រោះដោយសារជំងឺមហារីកនៅកម្ពុជា និងអប់រំលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ស្តីអំពីការបង្ការជំងឺមហារីក។

ស្វែងរកថវិកាសប្បុរសធម៌ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ ពីជំងឺមហារីកនៅកម្ពុជា ដើម្បីកំណត់កត្តាហនិភ័យដែលនាំឲ្យកើតជំងឺមហារីកធំៗ​ និងដែលអាចបង្ការបានទាំង៦ប្រភេទនេះ ក្នុងគោលបំណងឲ្យការបង្ការកាន់តែមានប្រសិទ្ធិភាពខ្ពស់។ នៅក្រោមគម្រោង CRANE នេះ វេទិកាសុខភាពដ៏ធំមួយស្តីពីការបង្ការជំងឺមហារីក នឹងត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ ២០១៧ នាម៉ោង២រសៀល នៅសាលសហសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ថវិកាដែលប្រមូលបានពីកម្មវិធីនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ ជំងឺមហារីកនៅមជ្ឈមណ្ឌលជាតិជំងឺមហារីកកម្ពុជា។

ទំនាក់ទំនងកក់សំបុត្រចូលរួមវេទិកាសុខភាពនេះតាមរយៈលេខទូរស័ព្ទ៖ ០៦៩ ៥៤២ ៥៥៤ ឬ ០៩២ ២៩៨ ៨២៨។លោកអ្នកអាចកក់សំបុត្រចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖

https://docs.google.com/forms/d/e/1FAIpQLSdcPwngXOdHa1v8tyv9xLiMBu8PPoOip9AqYVL9H24pd_ac_g/viewform