(ភ្នំពេញ)៖ លោក មឿន តុលា និងលោក ប៉ា ងួនទៀង បានសម្រេចដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងរបស់ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាដែលប្តឹងរឿងបាត់បច្ច័យសម្រាប់ចូលរួមបុណ្យរបស់ លោកកែម ឡី។

មូលហេតុដែល លោក មឿន តុលា និងលោក ប៉ា ងួនទៀង អតីតគណៈកម្មការរៀបចំ និងប្រមូលបច្ច័យបុណ្យសពលោក កែម ឡី សម្រេចដាក់ពាក្យពន្យារពេលចូលបំភ្លឺនេះ ត្រូវបានអ្នកទាំងពីរ និងមេធាវី បញ្ជាក់ក្នុងលិខិតស្នើជូនតុលាការថា ពុំមានពេលវេលាគ្រប់គ្រាន់ និងពិភាក្សាពិគ្រោះយោបល់ទៅលើដំណើររឿង ដែលត្រូវចូលបំភ្លឺ ជាពិសេសមិនទាន់ពិនិត្យមើលទៅលើឯកសារពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

សូមបញ្ជាក់ថា លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ត្រូវបានលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ឲ្យចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ហើយព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

នៅក្នុងពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ បានសរសេររៀបរាប់យ៉ាងដូចេ្នះថា «ក្នុងនាមខ្ញុំជា យុវជនខ្មែរមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី ប៉ុន្តែជាអកុសលត្រូវឃាតករគ្មានចិត្តមេត្តា បានវាយប្រហារ សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ក្រោយពីលោកបណ្ឌិតបានស្លាប់ គឺការរៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរត្រឹមត្រូវនៅបរិវេណវត្តចាស់ រាជធានីភ្នំពេញ ដោយមានចាត់តាំង គណៈកម្មការបុណ្យ សពច្បាស់លាស់។ ប៉ុន្តែអ្វីដែលជាព័ត៌មានអកុសលបន្ថែមមួយទៀតនោះគឺមានការសង្ស័យថា លុយបុណ្យសពដែល បងប្អូនចូល បច្ច័យនាពេលកន្លង មកនោះដែលស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មការបុណ្យ បានធ្វើឲ្យអ្នកចូលរួមបុណ្យខកចិត្តនិងធ្វើក្រុម គ្រួសារលោកបណ្ឌិត កែម ឡី ជួបការលំបាកខ្វះខាតថវិកា ចំណាយផ្សេងៗ ជាពិសេសខ្វះខាតថវិកាចំណាយលើ ការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្តង»

នៅក្នុងពាក្យបណ្ដឹងបានសរសេរទៀតថា «ក្នុងន័យនេះ ក្នុងនាមខ្ញុំជាយុវជនមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី សូមស្នើរដល់ ឯកឧត្តមព្រះរាជអាជ្ញា មេត្តាបើកការស៊ើបអង្កេតស្វែងរក ការពិតលើប្រាក់បច្ច័យបានមកពីការចូលបុណ្យសពលោកបណ្ឌិត កែម ឡី កន្លងមកដែលគ្រប់គ្រងដោយ គណៈកម្មការបុណ្យសព ដោយក្តីអនុគ្រោះ ដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គលឆ្លៀតឱកាសមួយចំនួន»