(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាព នៃការពង្រឹងសមត្ថភាពបុគ្គលិកសាខា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។

លោកស្រី ពុំ ចន្ទីនី បានបន្តថា កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងគ្រប់គ្រងមន្ត្រីបុគ្គលិក ដែលកំពុងបម្រើការជូនកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីលើកកម្ពស់ មនសិការវិជ្ជាជីវៈ និងគុណតម្លៃ នៃសេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងគោលដៅកំណត់ពីប្រព័ន្ធគ្រប់គ្រងវត្តមាន ទណ្ឌកម្មវិន័យចំពោះអវត្តមានគ្មានការអនុញ្ញាត យន្តការគ្រប់គ្រងត្រួតពិនិត្យ និងលើកទឹកចិត្តចំពោះមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា និងមានផែនការសកម្មភាពអនុវត្តច្បាស់លាស់។

លោកស្រី ពុំ ចន្ទីនី បានបន្ថែមទៀតថា ចលនារបស់ក្រុមកាកបាទក្រហម ដើម្បីទាក់ទាញឲ្យមានការគាំទ្រពីសប្បុរសជន ទំាងថវិកា និងសម្ភារ ដូច្នេះសូមសាខា ត្រូវធ្វើសកម្មភាពមនុស្សធម៌ ម្ចាស់ការជាមួយការងារដៃគូរធ្វើអំពើមនុស្សធម៌ និងត្រូវគោរពគោលការគ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។

ក្នុងនោះដែរលោកស្រី បានផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិសាខាទំាងអស់ត្រូវគោរពទៅតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ និងបានផ្តល់ជូន សាខាកាកបាទក្រហមខេត្តកំពង់ធំ នូវប្រព័ន្ធសម្លាប់មេរោគក្នុងទឹក ម៉ូដែល AP 700 CL ចំនួន២ឈុត ដែលជាជំនួយរបស់កាកបាទក្រហម ប្រទេសជប៉ុន ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធីជួយសង្គ្រោះមនុស្សធម៌។

លោក សុខ លូ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ពុំ ចន្ទីនី ព្រមទាំងប្រតិភូទំាងអស់ ដែលជានិច្ចកាល តែងតែងបានយកចិត្តទុកដាក់ដល់ដំណើរការប្រព្រឹត្តទៅរបស់សាខាកាកបាទក្រហមទូមទំាងរាជធានីខេត្ត ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធានាបាននូវនិរន្តភាពក្នុងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឲ្យមានភាពកាន់តែប្រសើឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសយុទ្ធសាស្ត្រ ២០១១ ដល់២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យស្របតាមសូចនាករ៕