(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះបានថ្លែងថា កន្លងមកលោកបានប្រជុំដាក់ផែនការឲ្យមន្រ្តីចំនួន២ គឺខាងសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយមន្រ្តីនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាត្រូវតែរឹតបណ្តឹងពីបញ្ហាអ្នកប្រើប្រាស់ យានយន្តខុសលក្ខណៈនេះ ដោយប្រមូលមិនអនុញ្ញាត ឲ្យធ្វើចរាចរណ៍នោះឡើង។ ជាមួយគ្នានេះត្រូវណែនាំដល់ពួកគាត់ ឲ្យធ្វើការបំពាក់លក្ខណៈបច្ចេកទេស ចំពោះយានយន្ត ឲ្យបានគ្រប់គ្រាន់ទើបការធ្វើចរាចរណ៍ វាកាត់បន្ថយគ្រោះថ្នាក់បានមួយផ្នែកធំ។

លោក ស្វាយ សំអ៊ាង បានថ្លែងថា កំណើនអ្នកប្រើប្រាស់រថយន្តកែច្នៃ រថយន្តម៉ូតូច្នៃខុសលក្ខណៈបច្ចេកទេស កំពុងចរាចរណ៍ដោយសេរីសង្ស័យ មានការធូររលុង មិនគិតគូរពីមន្ទីរជំនាញ សាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី និងមន្រ្តីនគរបាលជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមើលរំលង ពីបញ្ហាហ្នឹង។ ការធ្វើចរាចរណ៍រថយន្ត និងម៉ូតូខុសលក្ខណៈបច្ចេកទេសបែបនេះ បញ្ហាដែលប្រឈម គឺបង្កគ្រោះថ្នាក់ចរាចរណ៍ មានអ្នកស្លាប់ និងរបួសជាបន្តបន្ទាប់ អត់ឈប់ឈរឡើយ បើសិនជំនាញនៅតែមើលរំលង និងធូររលុងដូចសព្វថ្ងៃនេះ។

លោក ស្វាយ សំអ៊ាង បានបន្តថា កាលពីពេលកន្លងមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់នៅនឹងកន្លែងក្នុងស្រុកកែវសីមា បង្កឡើងដោយអ្នកទាំងរងគ្រោះទាំង២នាក់ ដែលស្លាប់នោះ គឺបើកបរម៉ូតូកែច្នៃខុសលក្ខណៈបុកគ្នា ស្លាប់នៅនឹងកន្លែងទាំង២តែម្តង ក្រៅពីនេះទៀតការគ្រោះថ្នាក់បង្កឡើងដោយសារតែឡាន និងម៉ូតូកែច្នៃនេះក៏នៅតែមានអ្នកស្លាប់ និងរបួសជាហូហែរ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ និងលើកឡើងថា តើកិច្ចការនឹងមន្រ្តីជំនាញទាំង២អង្គភាព មានសាធារណការ និងការិយាល័យចរាចរណ៍ ផ្លូវគោកមានសមត្ថភាពចាត់ការណ៍ ចំពោះរឿងមួយនេះបានដែរឬអត់?៕