(ភ្នំពេញ)៖ ក្រុមប្រតិភូ និងអត្តពលិកកីឡាកាយវប្បកម្មកម្ពុជា នឹងត្រឡប់មកដល់មាតុភូមិវិញនារសៀលថ្ងៃពុធ ទី១១ ខែតុលាខានស្អែកនេះ ក្រោយទទួលបានជោគជ័យយ៉ាងផុសផុល ក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី កាលពីពេលថ្មីៗកន្លងទៅ ដោយដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។

ទន្ទឹមនឹងការគ្រោងមកដល់នូវម្ចាស់មេដាយមាសពិភពលោកជាប្រវត្តិសាស្ដ្រ លើផ្នែកកីឡាកាយវប្បកម្មនេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានត្រៀមក្បួនដង្ហែ ដើម្បីអត្តពលិកដណ្ដើមបានមេដាយមាសកម្រិតពិភពលោកនូវម៉ូតូធំចំនួន១២គ្រឿង អមដោយរថយន្ដមួយចំនួន តាមមហាវិថីធំៗមួយចំនួនទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នាព្រឹកនេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្នុងដំណើរអបអរនោះដែរ ក៏នឹងមានការទទួលស្វាគមន៍ពីប្រមុខថ្នាក់ដឹកនាំស្ថាប័នកីឡាកំពូលៗរបស់កម្ពុជាផងដែរ រួមមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើន ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងអត្តពលិកកម្ពុជា ស្របអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

គួរបញ្ជាក់ថា ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី បានធ្វើឡើងចាប់ពីថ្ងៃទី២-៩ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានអត្តពលិកជាច្រើនប្រទេសលើពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ៣រូបផងដែរ ដោយលទ្ធផលពួកគេទទួលមេដាយម្នាក់ ១គ្រឿងរៀងៗខ្លួន ពោលគឺកីឡាករ សំបូរ ណាន ឈ្នះមេដាយមាស១, កីឡាករ តឹក ប៊ុនវី ឈ្នះមេដាយប្រាក់១ និងកីឡាករ ណុំ សុបិន្ដ ឈ្នះមេដាយសំរឹទ្ធ១។

នេះគឺជាប្រភេទកីឡាទី៣ របស់កម្ពុជា ដែលឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីកីឡាប៉េតង់ និងកីឡាវ៉ូវីណាម ដែលទទួលបានមេដាយពិភពលោកបានយ៉ាងផុលផុសកាលពេលថ្មីៗកន្លងទៅ៕