(ភ្នំពេញ)៖ អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ទ្រព្យ ដែលជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា របស់​ព្រះមហាក្សត្រ​ថៃ សម្តេចព្រះចៅ យូហួមហាវៈឈិរ៉ាលុងកន បឌិន្រ្ទវៈរ៉ាងគូន នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានប្រារព្ធ​ពិធី​ដង្ហែអង្គកឋិនទាន ទៅ​វេរ​ប្រគេន​ដល់​ព្រះ​ស​ង្ឃ គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅ​វត្ត​ព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង ស្ថិតក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ទ្រព្យ​នេះ ដឹកនាំ​ដោយ ព្រះរាជតំណាង របស់ព្រះមហាក្សត្រ​ថៃ លោកនាយឧត្តមសេនីយ៍ឯក ធៈណៈស័ក្តិ បតិម៉ាប្រៈកន ឧបនាយករដ្ឋមន្រ្តីថៃ និងមានការចូលរួមពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងមន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានោះ ក៏មានការអញ្ជើញ​ចូលរួម​ពី សំណាក់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា អស់លោក-លោកស្រី ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុ​ជាជាច្រើនរូប និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យ៉ាងច្រើន​កុះករ​។ ក្នុងនោះដែរ ក៏មាន​វត្តមាន សម្ដេចព្រះ​អគ្គ មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃកម្ពុជាផងដែរ។

​ព្រះរាជ​ពិធីបុណ្យ បាន​ប្រព្រឹត្ត​ទៅតាម​គន្លង ទំនៀមទម្លាប់​ប្រពៃណី ​ព្រះពុទ្ធសាសនា ដោយបាន​ប្រារព្ធ ព្រះរាជ​ពិធី​ដង្ហែ អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ ជុំវិញ​ព្រះវិហារ និង​ថ្វាយ​គ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះ​ព្រះពុទ្ធ​រូប​ស្នង​អង្គ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង និង​បាន​ប្រារព្ធ​នូវ បទ​នមស្ការ ព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព​រំឭក​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​។

ក្រោយពី​ក្បួន​ដង្ហែ​ព័ទ្ធជុំវិញ ព្រះវិហារ​រួច យក​ត្រៃចីវរ​អង្គ​កឋិន​ព្រះរាជទាន និង​គ្រឿង​បរិក្ខារ​ពី ព្រះមហាក្សត្រ​ថៃ មក​រៀបចំ​វេរ​ប្រគេន​ព្រះសង្ឃរួចមក លោកនាយឧត្តមសេនីយ៍ឯក ធៈណៈស័ក្តិ បតិម៉ាប្រៈកន ឧបនាយករដ្ឋមន្រ្តីថៃ បាន​អាន​ប្រកាស អំពី​ព្រះទ័យ​ជ្រះថ្លា​របស់​ព្រះមហាក្សត្រ​ថៃ ដែលតែងតែ​មានបំណង ចូលរួម​លើក​ស្ទូ​យ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ប្រទេស​ថៃ និង​កម្ពុជា គោរព​ចំពោះ​ព្រះពុទ្ធសាសនា តាម​ប្រពៃណី​ដូចគ្នា តាំងពីយូរលង់​ណាស់​មក​។

ក្នុង​ពិធីបុណ្យ​កឋិនទាន​នេះ បច្ច័យ​ដែល​ទទួលបាន​ចំនួន ៩,៥៤៥ ដុល្លារ​អាមេរិក និង​លុយ​បាតមាន​ចំនួន ៥៨៣,៣២០បាត និង១៤,២២៩,៤០០រៀល​។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ថៃ តែងតែបាន​ដង្ហែ អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ មកកាន់​ប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ តាមរយៈក្រសួងការបរទេសថៃ ដើម្បី​ផ្សារភ្ជាប់ ទំនាក់ទំនង​មិត្តភាព រវាង​ព្រះពុទ្ធសាសនា និង​ដើម្បី​សម្ព័ន្ធមេត្រីភាព រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ នេះជាលើកទី១៩ ដែលបានរៀបចំដំណើរការ អង្គកឋិនទាន​៕