(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ និងផ្សារព្រែកឯង សាលាប៊ែលធី សាខាច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ។

មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាន និងកំពុងដាក់តាំងលក់ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ គូគ្រីវ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ បានរកឃើញប្រហិតត្រីឆ្លាត ចំនួន១០គីឡូក្រាម មានសារ ធាតុបូរ៉ាក់ ត្រូវបានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកដុតកំទេចចោលផងដែរ ។ប្រភពពីអាជីវករបានឲ្យដឹងថា ប្រហិតត្រីឆ្លាតនេះ ត្រូវបាននាំចូលពីតំបន់នៃផ្សារអ្នកលឿង។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

មន្រ្តីកាំកុងត្រូល បានមានប្រសាសន៍ថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ ផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែ ចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ ៕