(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី បានប្រកាសសាលក្រមលើករណីឃាតកម្ម ដែល​បាន​ប្រើ​ក្រម៉ា​រឹត​កសម្លាប់​យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ ឈ្មោះ ម៉ាន់ ស្រីមុំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងបង្គាប់ឲ្យសងសំណងជាប្រាក់៣០លានរៀល ដល់គ្រួសារជនរងគ្រោះ ក្រោមបទចោទករណីឃាតកម្មតាមមាត្រា១៩៩ និង១៦០ នៃក្រមព្រហ្មទណ្ឌ។

ជន​សង្ស័យ​ជា​ឃាតកនេះ បាន​ប្រើ​ក្រម៉ា​រឹត​កសម្លាប់​យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌ កាល​ពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិរោងគោ តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ស្ថិត​ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​យក​ទាំង​គ្រឿង​អលង្ការ រួម​នឹង​ទូរស័ព្ទ ហើបាន​គេចខ្លួនអស់​រយៈ​ពេល​២​ថ្ងៃ ​ទើបត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ រហូត​ចាប់​ខ្លួន​បាន​​មក​វិញ នៅ​វេលា​ម៉ោង​៥៖​០០នាទី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០១៧ នៅ​ឯ​ផ្ទះ​បងប្អូន​របស់ជន​សង្ស័យ ស្ថិត​ក្នុង​ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បន្ទាប់​ពីកើតមាន​ករណី​ឃាតកម្ម​ខាងលើ​ និង​ក្រោយ​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ​ពី​កម្លាំង​នគរបាល​ខណ្ឌជ្រោយចង្វារ រួម​នឹង​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​ចក្ខុ​កោសល្យវិច័យ​ នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ និងបាន​ធ្វើការ​សន្និដ្ឋាន ព្រមទាំង​​វាយ​តម្លៃ​ថា ជាករណី​ឃាតកម្ម​ ខណៈ​ដែល​ជន​សង្ស័យ ពេល​ធ្វើ​សកម្មភាព​សម្លាប់​ជន​រងគ្រោះហើយ ​ក៏​រត់​គេចខ្លួន​ទៅ​រស់​នៅ​ជាមួយបងប្អូន​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ទើប​ឈាន​ដល់​បើកប្រតិបត្តិការ​ស៊ើបអង្កេត និង​កំណត់​បាន​នូវ​មុខ​សញ្ញា​ឃាតក ហើយ​ក៏​តាម​ប្រម៉ាញ់​រហូត​ចាប់ខ្លួន​បាន​​។

ជនដៃដល់រូបនេះមានឈ្មោះ យ៉ុង ឧត្តម «សាយ» អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករស៊ីឈ្នួល​ដឹក​គោស្នាក់​នៅ ​ក្បែរ​ផ្ទះ​ជន​រងគ្រោះ ឈ្មោះ ម៉ាន ស្រីមុំ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ជាមួយ​ឪពុក​ឈ្មោះ ទូ ល័សម៉ាន់ និង​ម្ដាយ​ឈ្មោះ ជីត ម៉ាន់ ជា​ខ្មែរ​ឥស្លាម មាន​មុខរបរ​លក់​សាច់គោ ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ ស្ថិត​តាម​បណ្ដោយ​ផ្លូវទន្លេសាប ក្នុង​ក្រុមទី៦ ភូមិដើគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី៕