(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី ដែលជាមន្រ្តីរាជការស៊ីវិល ស្រ្តីដែលជាមន្រ្តីនគរបាល ស្រ្តីដែលជាកងទ័ព នឹងទទួលបានប្រាក់៨០ម៉ឺន សម្រាប់ការឆ្លងទន្លេបានកូនមួយ, កូនភ្លោះពីរទទួលបានប្រាក់១,៦០លានរៀល, កូនភ្លោះបីទទួលបានប្រាក់ ២,៤លានរៀល។

ប្រមុខរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ ប្រកាសជូនថា ចាប់ពីឆ្នាំ២០១៨តទៅ ស្ដ្រីដែលជាមន្ដ្រីរាជការស៊ីវិល ស្ដ្រីដែលជានគរបាល ស្ដ្រីដែលជាកងទ័ព នឹងត្រូវទទួលបាននូវការឆ្លងទន្លេដែលមានកូនមួយចំនួន ៨០ម៉ឺនរៀល ហើយបើបានកូនភ្លោះពីរឡើងដល់១លាន៦សែនរៀល និងបើបានកូនភ្លោះបី ឡើង​២លាន៤សែនរៀល»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព មានសរុបប្រមាណ ៩ម៉ឺននាក់។ តែក្នុងនោះស្រ្តីមានលទ្ធភាព មានកូនមានប្រមាណតែ ១០,៨៤៤នាក់ ដែលក្នុងនោះមន្រ្តីរាជការស៊ីវិលមាន១០,៣៦០នាក់ នគរបាលមានចំនួន១៩៤ និងកងទ័ពមានចំនួន២៥០នាក់។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ចាប់ពីឆ្នាំ២០១៨តទៅ ការឧបត្ថម្ភសម្រាប់ស្រ្តីឆ្លងទន្លេផ្នែកកម្មករ និយោជិតត្រូវចំណាយប្រមាណ១០លានដុល្លារ និងសម្រាប់ស្រ្តីជាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រមាណ២លានដុល្លារ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ខណៈសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន និស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុបជិត៦ពាន់នាក់៕