(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករជម្រើសជាតិ៣រូប ដណ្ដើមបានមេដាយពិភពលោក ៣គ្រឿង គឺមានមេដាយមាស១, ប្រាក់១ និងសំរិទ្ធ នៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី០៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី, នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារសូមចូលរួម អបអរសាទរដល់ ក្រុមកីឡាកាយវប្បកម្ម ដែលដណ្តើមបានមេដាយទាំងបី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេចជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមអបអរសាទរ​ក្រុមកីឡាកាយវប្បកម្ម ដែលបានចូលរួមប្រកួតជេីងឯកពិភពលោកលេីកទី៩ នៅទីក្រុង អូឡាំបាទ័រ ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី ២ ដល់ ៩ ខែតុលា ២០១៧ ដែលទទួល បានមេដាយ: ១៖ កីឡាករ សំបូរ ណាន មេដាយមាស១, ២៖កីឡាករ តឹក បុ៑នវី មេដាយប្រាក់១, ៣៖ កីឡាករ ណុំ សុបិន្ត មេដាយសំរឹទ្ធ១ នេះជាមោទនះភាពរបស់ជាតិយើង​ដែលវិស័យ កីឡាកំពុងរីលូតលាស់ឡើងវិញ នៅក្រោមដំបូលសន្តិភាព។​ សូមអរគុណដល់កីឡាករ​ និងគ្រូបង្វឹកទាំងអស់ដែលបានខិតខំហ្វឹកហ្វឺន កីឡាកររហូតទទួលបានជ័យជំនេះថ្ងៃនេះ»

ប្រតិភូ និងក្រុមកីឡាករ នឹងត្រឡប់មកដល់កម្ពុជាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ម៉ោង៣៖០០នាទីរសៀល នឹងមានការដង្ហែអបអរសាទរ ជាមួយម៉ូតូ១២គ្រឿងតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅកាន់ទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា។

សូមជំរាបថា នេះគឺជាប្រភេទកីឡាទី៣ របស់កម្ពុជាយើង ដែលឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីកីឡាប៉េតង់ និងកីឡាវ៉ូវីណាម ដែលទទួលបានមេដាយពិភពលោកបានយ៉ាងផុលផុសនាពេលថ្មីៗកន្លងទៅ ៕