(ភ្នំពេញ)៖ អគារទីស្នាក់ការផ្តល់សេវាបំពេញបែបបទឆ្លងកាត់ព្រំដែននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ អាចនឹងបើការដ្ឋានសាងសង់នៅក្នុងខែតុលា ឆ្នាំ២០១៧នេះហើយ។ ដើម្បីសម្រួលឲ្យការបើកការដ្ឋានសាងសង់អគារនេះដំណើរការបានទៅតាមការគ្រោងទុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសុំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួលបញ្ហាមួយចំនួននៅទីតាំងដែលត្រូវបើកការដ្ឋាននោះ។

យោងតាមសេចក្តីជូនដំណឹងដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដែល Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង បានស្នើដល់អាជ្ញាធរពាក់ព័ន្ធចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ បង្គោលភ្លើង ខ្សែកាប្លិ៍អុបទិក និងប្រពន្ធលូជាដើម។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដែរថា ការសាងសង់អគារបម្រើសេវាបំពេញបែបបទឆ្លងកាត់ព្រំដែន ដើម្បីឆ្លើយតបកំណើនទេសចរណ៍ដែលកើតឡើងជារៀងរាល់ឆ្នាំ ក៏ដូចជាកែលំអរនូវមុខមាត់ថ្មីរបស់ប្រទេសជាតិ និងដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្លាប់បានថ្លែងឲ្យដឹងថា អគារបម្រើការងាររបស់មន្រ្តីបំពេញបែបបទឆ្លងដែននេះ គឺមានកម្ពស់ ៣ជាន់ ហើយក៏មានភាពប្រណីតផងដែរ។ បើតាមនាយឧត្តមសេនីយ៍ សុខ ផល អគារថ្មីនេះ គ្រោងចំណាយពេលសាងសង់ ១៨ខែ និងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរនៅតាមច្រកទ្វារអន្តរជាតិ បានឲ្យដឹងថា គម្រោងនេះត្រូវបានភាគីពាក់ព័ន្ធ ពិសេសផ្នែកឯកជន ក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ បានឯកភាព និងគំាទ្រអស់ហើយ ព្រោះដើម្បីមុខមាត់និងសន្តិសុខរបស់ប្រទេសជាតិ។

របាយការណ៍របស់នាយកដ្ឋានស្ថិតិ និងព័ត៌មាន នៃក្រសួងទេសចរណ៍បានឲ្យដឹងថា ជារៀងរាល់ឆ្នាំភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ មានប្រមាណ ៤០ម៉ឺននាក់ ស្មើ១៣ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិសរុប ក្នុងនោះមានជាង ១០០សញ្ជាតិ ដូចជាថៃ រុស្សី អង់គ្លេស ចិន អាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន កូរ៉េខាងត្បូង ជាដើម៕