(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ដ្រីក្រោមឱវាទ ចុះធ្វើយុទ្ធនាការប្តូរសៀវភៅស្នាក់នៅថ្មី និងនាំយកអំណោយចែកជូនប្រជាជនក្រីក្រ ជនចាស់ជរាគ្មានទីពឹងចំនួន ២៥០គ្រួសារ មកពីតាមភូមិទាំង៨ ក្នុងសង្កាត់ក្បាលកោះ ក្នុងបរិវេណវត្តមុនីសាគរ។

លោក ចេង មុនីរ៉ា បានថ្លែងបញ្ជាក់នៅក្នុងឱកាសនោះថា មន្រ្តីសាលាខណ្ឌច្បារអំពៅនឹងចុះធ្វើ និងប្តូរសៀវភៅគ្រួសារក្នុង រយៈពេលប្រមាណ៣ខែ ហើយមិនបាច់ឲ្យប្រជាពលរដ្ឋពិបាកទៅធ្វើដល់ប៉ុស្តិ៍ សង្កាត់ ឬដល់អធិការដ្ឋាននគរបាលខណ្ឌនោះទេ។ អភិបាលខណ្ឌច្បារអំពៅ ក៏បានស្នើដល់ប្រជាពលរដ្ឋទៅទទួលសេវាផ្ទាល់តាមច្រកចេញចូលតែមួយនៅសាលាខណ្ឌ សូមកុំពឹងពាក់លើអ្នករត់ការ។

បើតាមលោកអភិបាលខណ្ឌ ការពឹងពាក់អ្នករត់ការនោះ ច្បាស់ជាគេយកលើសថ្លៃដែលរដ្ឋកំណត់ ហើយរដ្ឋបាលខណ្ឌមិនទទួល ខុសត្រូវឡើយ។

លោកអភិបាលខណ្ឌ បានថ្លែងថា «មានសេវាខ្លះត្រូវបង់តែ២០-៣០-៤០ម៉ឺនរៀលទេ តាមប្រភេទនៃសេវា ហើយការយកថ្លៃសេវានេះ មានការកំណត់ច្បាស់លាស់ មានវិក័យប័ត្រត្រឹមត្រូវ ហើយបើមានអ្នកទារលើសពីតារាងកំណត់ សូមបងប្អូនកុំឲ្យហើយបងប្អូន អាចប្តឹងមកខ្ញុំបាទ»។

លោក ចេង មុនីរ៉ា ក៏បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់គិតគូរ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេច តែងតែបានគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាពលរដ្ឋ ជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបាន ក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែង តាមដានពីសុខទុក្ខប្រជាពលរដ្ឋនិងគិតគូរ ដោះស្រាយជូនពួកគាត់ ឲ្យទាន់ពេលវេលា។

លោកអភិបាលខណ្ឌ បានបន្តទៀតថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ អាជ្ញាធរខណ្ឌ តែងតែបានយកចិត្តទុកដាក់ គិតគូរនិងនាំយកអំណោយ ទៅដោះស្រាយបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ទីទ័លក្រ និងងាយទទួលរងគ្រោះនានា ហើយនៅឆ្នាំ២០១៨ខាងមុខ ប្រាក់ខែគោលរបស់កម្មករ និងឡើងដល់១៧០ដុល្លារក្នុងមួយខែ។

លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ជូនកូនចៅទៅរៀនសូត្រយកចំណេះដឹង ដើម្បីកសាងខ្លួនឲ្យ ក្លាយជាមន្រ្តីរាជការ ជាអ្នកជំនួញដ៏ល្អ ជាអ្នកមានទ្រព្យសម្បត្តិ។ «ពុកម៉ែបងប្អូន និងក្មួយៗ មិនត្រូវផ្តេកផ្តួល ទៅតាមកម្មផល ហើយមិនត្រូវគិតថា ទាល់តែយើងមានធនធាន មានឪពុក ម្តាយ ចាំបីបាច់ថែរក្សា ទំនុកបំរុងលុយកាក់ ទើបខ្លួនយើងអាចក្លាយជា មន្រ្តីរាជការ ជាអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេ។ ចំណេះដឹងរបស់ក្មួយៗ ត្រូវបានរាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗអ្នកមានឪពុក ម្តាយគ្រប់គ្រងអីចឹងដែរ»។

លោក ហួត ហ៊ុយ នាយករដ្ឋបាល បានឲ្យដឹងថា អំណោយដែលលោកអភិបាលនាំយកមកផ្តល់ជូន ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា មី ប្រេងឆា ភួយ ព្រមទាំងគ្រឿងឧបភោគបរិភោគ។ លោកនាយកបន្តថា គ្រឿងឧបភោគបរិភោគ ជាការឧបត្ថម្ភរបស់សមាគមចិននៅច្បារអំពៅ។ ដោយឡែកថវិកា ជាអំណោយរបស់សាលាខណ្ឌច្បារអំពៅ៕