(ភ្នំពេញ)៖ ក្រុមកីឡាកាយវប្បកម្មកម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីជូនប្រទេសជាតិទៀតហើយ បន្ទាប់ពីកីឡាករជម្រើសជាតិ ៣រូប ដណ្ដើមបានមេដាយពិភពលោក ៣គ្រឿង គឺមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ នៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី០៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៩ ខែតុលា ឆ្នាំ២០១៧ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃអាទិត្យនេះ។

មេដាយពិភពលោកទាំង ៣គ្រឿងខាងលើ គឺដណ្ដើមបានដោយកីឡាករ សំបូរ ណាន ឈ្នះមេដាយមាស, កីឡាករ តឹក ប៊ុនវី ឈ្នះមេដាយប្រាក់ និងកីឡាករ ណុំ សុបិន្ដ ឈ្នះមេដាយសំរិទ្ធ ។ នេះគឺជាប្រភេទកីឡាទី៣ របស់កម្ពុជាយើង ដែលឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីកីឡាប៉េតង់ និងកីឡាវ៉ូវីណាម ដែលទទួលបានមេដាយពិភពលោកបានយ៉ាងផុលផុសនាពេលថ្មីៗកន្លងទៅ ៕