(ភ្នំពេញ)៖ ការផ្តួលរំលំរបបខ្មែរក្រហម, ការបើកផ្លូវឲ្យមានប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម, ការនាំមកនូវសន្តិភាពពេញលេញ និងការប្រែក្លាយ ប្រទេសពីគំនរផេះផង់ឲ្យស្គាល់ការអភិវឌ្ឍន៍ប្រហាក់ប្រហែល ឬលើសប្រទេសជិតខាងខ្លះផងនោះ គឺជាសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។
ប្រទេសដ៏កំសត់មួយនេះបានព្យាយាមលុបបំបាត់ស្លាកស្នាមខ្មៅងងឹតពីអតីតកាល ហើយកំពុងប្រឹងឈរស្មើមុខមាត់គេឯងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ទោះជាយ៉ាងនេះក៏ដោយក៏កម្ពុជាដ៏កំសត់ត្រូវការបន្តដំណើរទៅមុខដ៏វែងឆ្ងាយទៀត ដើម្បីស្វែងរកការអភិវឌ្ឍមួយដែលប្រជាពលរដ្ឋគ្រប់គ្នាទទួលបាន ផលប្រយោជន៍ និងទទួលបានកាន់តែច្រើនជាងមុន ហើយជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានសន្តិភាព និងស្ថិរភាពនយោបាយ។
ដើម្បីសម្រេចគោលដៅនេះ វាទាមទារចាំបាច់នូវការចូលរួមពីខ្មែរគ្រប់គ្នា និងគ្រប់មជ្ឈដ្ឋានដោយប្រើប្រាស់កម្លាំងសរុប និងបញ្ញាស្មារតីសរុបដើម្បីជួយបំពេញ បន្ថែមគ្នា ទៅវិញទៅមកប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់។

ប៉ុន្តែគួរឲ្យសោកស្តាយជាពន់ពេកណាស់ខណៈដែលប្រទេសកំពុងត្រូវការអ្នកជួយចូកជួយចែវដើម្បីឲ្យនាវាកម្ពុជាលឿនលយទៅមុខ បែរជាកម្ពុជាមានបក្សប្រឆាំង មួយដែល ដើរបញ្ច្រាសពីចរន្តនេះទៅវិញ។ មួយថ្ងៃៗ គេលឺតែពាក្យញុះញង់ វាយប្រហារ ប្រមាថកាតទាន និង លាបពណ៌ ដើម្បីតែគោលដៅដណ្តើមអំណាចតែមួយមុខគត់។ ជាងពីរទសវត្សរ៍បន្ទាប់ពីមានវត្តមានបក្សប្រឆាំង គណបក្សនេះគ្មានបានកសាងសមិទ្ធផលសូម្បីតែប៉ុនក្រចកដៃសម្រាប់ប្រទេសជាតិ និងប្រជាជន៖ មិនបានកសាងផ្លូវសូម្បីមួយចំអាម, បង្គន់សូម្បីតែមួយ, ប្រឡាយទឹកសូម្បីកន្លះម៉ែត្រ, សូម្បីបង្កាន់ដៃស្ពានតែមួយ ឬសូម្បីសាលារៀនតែមួយបន្ទប់ក៏គ្មានដែរ....ប៉ុន្តែ អ្វីដែលបក្សប្រឆាំងបានកសាងគឺ វប្បធម៌ស្តីបន្ទោស ~ ចងគំនុំ ~ និងការស្អប់ខ្ពើមគ្នា ~ ស្អប់ខ្ពើមជាតិសាសន៍ ដែលធ្វើឲ្យសង្គមបែកបាក់យ៉ាងជ្រាលជ្រៅ។ ខ្មែរចេះចាប់កំហុស បន្តុះបង្អាប់ មើលបំណាំ និងរិះគន់វាយប្រហារគ្នាតាមបែបក្តិចត្រួយ ដែលជាវប្បធម៌ដ៏អាក្រក់បំផុត។ បក្សប្រឆាំងចេះតែបំផុសគំនិតឲ្យមានរឿងចលាចល ហិង្សា ក្រោមលេសថា ជាការប្រើប្រាស់សេរីភាពតាមបែបប្រជាធិបតេយ្យ។

កំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួននារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះគឺ ពួកគេបង្រៀនមនុស្សឲ្យចេះបះបោរប្រឆាំងរដ្ឋាភិបាល, បង្រៀនមនុស្សឲ្យចេះប្រើហិង្សា ដុតបំផ្លាញ និងវាយកម្ទេច តាមរយៈការបញ្ចូលមនោគមន៍វិជ្ជាឲ្យពលរដ្ឋជឿថា នោះជាសេរីភាព។ ប៉ុន្តែ ពួកគេមិនដែលបានបង្រៀនទាល់តែសោះអំពីការទទួលខុសត្រូវ, សីលធម៌ និងសុវជីវធម៌ក្នុងការរស់នៅ អំពីការគោរពច្បាប់ និងអំពីទោសទណ្ឌដែលបង្កដោយដោយអំពើខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ មន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមដើរតួជាគំរូអាក្រក់ក្នុងការបំពានច្បាប់។ ជាក់ស្តែង លោក សម រង្ស៊ី អតីមេបក្សប្រឆាំងគឺជាតួអង្គដែលបង្រៀនឲ្យអ្នកគាំទ្ររបស់ខ្លួនចេះប្រសម្តីវាយប្រហារ ចាក់ដោត ញុះញង់ និងបំផុសកំហឹងស្អប់ពូជសាសន៍។ លោក សម រង្ស៊ី ខ្លួនឯងហ៊ានរហូតដល់ទៅដឹកនាំប្រជាជនទៅដកបង្គោលព្រំដែនថែមទៀត។ លោក ហុង សុខហួរ ធ្វើដល់ទៅសមាជិកព្រឹទ្ធសភា បែរជាហ៊ានបង្ហោះសន្ធិសញ្ញាក្លែងក្លាយហើយនិយាយញុះញង់តាមហ្វេសប៊ុកឲ្យពលរដ្ឋជឿថា រដ្ឋាភិបាលកម្ពុជាចុះសន្ធិសញ្ញាជាមួយវៀតណាមដើម្បីរំលាយបន្ទាត់ព្រំដែន។ លោក អ៊ុ សំអាន ដែលជាតំណាងរាស្ត្រហ៊ានរហូតដល់ទៅបង្ហោះផែនទីក្លែងក្លាយក្នុងគោលបំណងបំភាន់ប្រជាជនឲ្យបះបោរប្រឆាំងរដ្ឋាភិបាល។
នៅមានរឿងរ៉ាវជាច្រើនទៀតដែលពិបាកនឹងពិពណ៌នាឲ្យអស់សេចក្តី។ ជំនាញដ៏សំខាន់មួយទៀតរបស់បក្សប្រឆាំងនៅកម្ពុជាគឺ ការដើរចាក់រុកសហគមន៍អន្តរជាតិឲ្យផ្តាច់ជំនួយឈប់ជួយកម្ពុជាពីព្រោះពួកគេយល់ថា ជំនួយទាំងនោះអាចជួយឲ្យប្រទេសជាតិរីកចម្រើន។ បើប្រទេសរីកចម្រើន ពួកគេព្រួយបារម្ភថា គុណសម្បត្តិនឹងធ្លាក់ទៅលើរដ្ឋាភិបាលបក្សកាន់អំណាច។ និយាយតាមបែបផ្សេង បក្សប្រឆាំងនៅកម្ពុជាដើរតួនាទីជាអ្នកប្រឆាំងនឹងការអភិវឌ្ឍន៍ ប្រឆាំងនឹងភាពស្ងប់សុខ ប្រឆាំងនឹងសន្តិភាព ពីព្រោះរបស់ទាំងនេះជាឧបសគ្គដែលធ្វើឲ្យពួកគេពិបាករកលេសអ្វីដើម្បីស្វែងរកសំឡេងឆ្នោត។

ទីបំផុត លោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិក៍បាននិយាយចេញមកដោយខ្លួនឯងអំពីផែនការក្បត់ជាតិដ៏ធំតាមរយៈ គំរោងការផ្តួលរំលំរដ្ឋាភិបាលទៅតាមការបង្គាប់បញ្ជានិងផែនការ យុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់សហរដ្ឋអាមេរិក។ ពាក្យសម្តីលោក កឹម សុខា អាចឆ្លុះបញ្ចាំងបានយ៉ាងល្អនូវទង្វើទាំងឡាយរបស់បក្សប្រឆាំងដូចបានរៀបរាប់ខាងដើម។ គោលដៅរបស់ពួកគេគឺការផ្តួលរំលំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានេះឯង។ អំពើអាក្រក់ទាំងអស់នេះហើយដែលបានជារុញច្រានគណបក្សប្រឆាំងឲ្យធ្លាក់ដល់ចំណុចមាត់ជ្រោះគ្រោះថ្នាក់។ គណបក្សនេះកំពុងប្រឈមមុខនឹងការរំលាយចោលក្នុងពេលដ៏ខ្លីខាងមុខ។ ទោះជាគណបក្សនេះព្យាយាមទម្លាក់កំហុសមកលើរដ្ឋាភិបាល ប៉ុន្តែ តាមពិតទៅនេះជាអំពើបាបកម្មដែលពួកគេបានសាងតែប៉ុណ្ណោះ។ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ការរំលាយបក្សសង្គ្រោះជាតិនៅពេលនេះវាគឺជាការសង្គ្រោះជាតិនិងរំដោះគ្រោះដ៏អាក្រក់មួយទៅវិញទេ ពីព្រោះប្រសិនបើគេអនុញ្ញាតឲ្យគណបក្សនេះបន្តស្ថិតនៅទៀតនោះ ប្រទេសជាតិអាចនឹងធ្លាក់ទៅក្នុងភាពវឹកវរ កលិយុគ សារជាថ្មីជាក់ជាមិនខាន។

បន្ទាប់ពីបក្សសង្គ្រោះជាតិនឹងរលាយបាត់ទៅ តើកម្ពុជាត្រូវការបក្សប្រឆាំងរបៀបណា?

ចម្លើយគឺ កម្ពុជាត្រូវការបក្សប្រឆាំងដែលចេះជួយបំពេញបន្ថែមចំណុចខ្វះខាតរបស់បក្សកាន់អំណាច តាមរយៈការរិះគន់ស្ថាបនា, ការកៀរគរជំនួយពីបរទេស មកជួយអភិវឌ្ឍន៍ប្រទេស, ការកសាងវប្បធម៌សន្តិភាព និងបង្រួបបង្រួមជាតិ, ការប្រណាំងប្រជែងជាមួយបក្សកាន់អំណាចដោយប្រើគោលនយោបាយ, ដោយប្រើសមត្ថភាពដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេស, ការធ្វើជាគំរូដល់ពលរដ្ឋក្នុងការគោរពច្បាប់, ការបង្រៀនពលរដ្ឋឲ្យចេះទទួលខុសត្រូវ និងចេះសន្ទនាប្រកបដោយភាពស្មោះត្រង់ជាមួយបក្សកាន់អំណាច ~ ចេះបង្ហាញសាមគ្គីភាព និងមោទនភាពជាតិជាមួយបក្សកាន់អំណាចក្នុងនាមជាខ្មែរក្នុងកាលៈទេសៈចាំបាច់មួយចំនួនដូចជាក្នុងករណីដែលបរទេសឈ្លានទឹកដីឬ ក្នុងការបង្ហាញមោទនភាពជាតិដូចជាការចុះបញ្ជីប្រាសាទបូរាណណាមួយជាសម្បត្តិបេតិកភណ្ឌពីលោក ឬក៏ក្នុងករណីដែលកីឡាករខ្មែរទទួលបានមេដាយមាសពីការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។

គឺខុសពីបក្សប្រឆាំងសព្វថ្ងៃដែលចាត់ទុករដ្ឋាភិបាលបក្សកាន់អំណាចជាសត្រូវ, ចាត់ទុកប្រមុខដឹកនាំប្រទេសជាជនដែលត្រូវកម្ទេច និងចេះតែប្រឆាំងគ្រប់រឿង សូម្បីតែរឿងនោះល្អក៏ដោយពីព្រោះគោលដៅរបស់ពួកគេគឺប្រឆាំងតែមួយមុខ, ប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល, ប្រឆាំងដើម្បីអំណាចទោះជាសុខចិត្តដាក់ខ្លួន ជាអាយ៉ងនិងជាខ្ញុំបម្រើបរទេសដាច់ថ្លៃក៏ដោយចុះ។ ប្រឆាំងដោយយកឈាម ទឹកភ្នែក និងអាយុជីវិតពលរដ្ឋ ធ្វើជាដើមទុន។ ការប្រឆាំងបែបនេះមិនត្រឹមតែមិនផ្តល់ប្រយោជន៍ដល់ជាតិប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញជាតិទៅវិញ។ ទីបំផុត គឺបំផ្លាញខ្លួនឯងតែម្តង។
សរុបមកវិញ ការរំលាយគណបក្សសង្គ្រោះជាតិគឺជាគ្រោះអាក្រក់សម្រាប់គណបក្សនេះតែប៉ុណ្ណោះ តែវាជាការរំដោះគ្រោះពីប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ បន្ទាប់ពីនោះទៅ កម្ពុជានឹងមានបក្សប្រឆាំងដែលល្អ, បក្សប្រឆាំងដែលចេះគិតគូរពីផលប្រយោជន៍ជាតិពិតប្រាកដ ~ បក្សប្រឆាំងដែលមិនគិតតែពីដណ្តើមអំណាច ដូចបក្សប្រឆាំងបច្ចុប្បន្ននេះទៀតឡើយ៕

ដោយ៖ សូរ គងជ័យ