(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ជួបយុវជន CMYA FC ដើម្បីផ្ដល់ដំបូន្មានល្អៗ និងផ្តល់ជាកម្លាំងចិត្ត សម្រាប់ការប្រកួតវគ្គផ្តាច់ព្រាត់ដណ្តើមជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ សម្តេច ហេង សំរិន លើកទី១ ឆ្នាំ២០១៧ ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ នៅពហុកីឡាដ្ឋានអូឡាំពិច។

តាមការបញ្ជាក់ពីលោក រ៉ូហ្វី អូស្មាន ជាប្រធានក្លឹប CMYA FC បានឲ្យដឹងថា CMYA FC ជាក្លឹបមិនមែនអាជីបមួយ ដែលថ្មីថ្មោងបំផុត ដែលនេះជាលើកទី២ ដែលក្លឹបរបស់ខ្លួនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត ក្នុងពានរបស់ក្លឹបកីឡាបាល់មិនមែនអាជីព ខណៈដែលលើកទី១ ក៏ធ្លាប់បានចូលរួមប្រកួតពានរង្វាន់ Soccer League របស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីឆ្នាំ២០១៦កន្លងទៅ តែជាលទ្ធផល CMYA FC មិនបានឈានមកដល់វគ្គផ្តាច់ព្រាត់នោះទេ ហើយលើកនេះក្រុមរបស់ខ្លួន ក៏មានឱកាសចូលរួមប្រកួត ជាមួយក្រុមកីឡាករក្លឹបនានាចំនួន១៨ក្រុម ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ហើយក៏ជាមោទនភាពដែលក្លឹបរបស់ខ្លួនឈានដល់វគ្គផ្តាច់ព្រាត់ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានោះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងនូវការគាំទ្រក្លឹប CMYA FC ដោយមានគម្រោងនឹងប្រែក្លាយក្លឹបមួយនេះ ទៅជាក្លឹបអាជីបមួយឲ្យមានឈ្មោះជាក្លឹបយុវជនខ្មែរឥស្លាម មានវត្តមានបង្ហាញខ្លួនជាមួយក្លឹងអាជីពនានាដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា ហើយក៏មានគម្រោងឲ្យមានការប្រកួតលក្ខណៈអន្តរជាតិជាមិត្តភាពជាមួយក្លឹបបណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសម៉ាឡេស៊ីជាដើម។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញនូវមោទនភាពជាវិជ្ជមាន ដល់ក្មួយៗជាយុវជនមុស្លិមរបស់ខ្លួន ដែលបានចំណាយកម្លាំង ឆន្ទៈ តស៊ូ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡា លើកកំពស់វិស័យកីឡា សុខភាព និងការបញ្ជៀសឆ្ងាយពីគ្រឿងឈានក្នុងសង្គម និងស្រទាប់យុវជន។

ក្នុងស្មារតីគាំទ្រ ព្រមទាំងផ្តល់កម្លាំងចិត្ត លោកឧកញ៉ា ក៏បានផ្តាំផ្ញើឲ្យក្មួយៗកីឡាករត្រូវសហការគ្នា សាមគ្គីគ្នា រក្សាគោលជំហរក្នុងការប្រកួត មិនត្រូវបាក់ទឹកចិត្ត ស្មារតី ហើយក៏មិនត្រូវមោទភាពលើសកំណត់ ជាពិសេសត្រូវប្រកាន់គុណធម៌ អត្តចរឹកល្អ មានការអនុគ្រោះ និងគោរពដល់ដៃគូរប្រកួត។

លោកក៏បានជូនពរដល់ក្មួយៗ ឲ្យបានទទួលជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ថ្ងៃស្អែក ហើយក្នុងពិធីប្រកួតនេះ លោករដ្ឋមន្រ្តីប្រតិភូបានជម្រាបថាលោក និងសហការីនឹងអញ្ជើញចូលរួមទស្សនាផងដែរ៕