(ត្បូងឃ្មុំ)៖ លោក ហេង សួរ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ទទួលបន្ទុកយុវជន និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ប្រកាសជួយបង់ភាស៊ីពាក់កណ្ដាលជំនួសអាជីវករផ្សារចុងជាច ស្រុកតំបែរ ចាប់ពីខែវិច្ឆិកានេះតទៅ។

លោកក៏បានបន្តដាស់តឿនក្រើនរំឭកដល់សមាជិកបក្សឃុំ បង្កើនការយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្ត ដាច់ខាតកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋតទៅទៀត។

ការដាស់តឿន និងផ្ដល់អនុសាសន៍មួយចំនួននេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៅទីស្នាក់ការគណបក្សឃុំចុងជាច ផ្តោតលើប្រធានបទសំខាន់ចំនួន៤ រួមមាន៖ ការធ្វើបច្ចុប្បន្នសមាជិកបក្ស ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត ការងារត្រៀមយុវជនដើម្បីចូលរួមជាអ្នកសង្កេតការណ៍ នៅថ្ងៃបោះឆ្នោតខាងមុខ និងបញ្ហាផ្សេងៗដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងឃុំចុងជាចទាំងមូល ដោយមានការចូលរួមពីលោក នាដ រ៉ាវុដ្ឋ ប្រធានគណបក្សស្រុកតំបែរ ប្រធានគណបក្សឃុំចុងជាច ក្រុមប្រឹក្សាបក្ស ថ្នាក់ដឹកនាំភូមិគ្រប់ភូមិ និងយុវជនជាង១០០នាក់។

ជាមួយគ្នានេះ លោក ហេង សួរ បានណែនាំដល់មន្ត្រីបក្ស យុវជនបក្ស រួមសហការគ្នាអនុវត្តន៍ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានដិតដល់ឲ្យលឿនរហ័សពេញចិត្ត ដូចជា សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សំបុត្រមរណភាព និងសេវាផ្សេងៗដែលប្រជាពលរដ្ឋត្រូវការជាប្រចាំថ្ងៃ កុំឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានឲ្យសោះ។

លោកបានណែនាំឲ្យសមាជិកបក្សនៅតាមភូមិ-ឃុំ ត្រូវចេះលើកទឹកចិត្តដល់យុវជន ឬអ្នកដែលខិតខំធ្វើកិច្ចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវសម្រួលឥរិយាបថឲ្យបានល្អប្រពៃក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ៕