(ព្រះវិហា)៖ ប្រជាពលរដ្ឋរស់នៅស្រុកជ័យសែន ដែលធ្លាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ដំណាំអំពៅផលិតស្ករនាំចេញ ក្នុងខេត្តព្រះវិហារ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដែលបានចាត់វិធានការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ជាមួយគម្រោងដំណាំអំពៅខាងលើនោះ។

ការដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ បានធ្វើឡើងនាអំឡុងពេលដែលទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីចំនួន ២៧ក្រុម ដើម្បីចុះប្រមូលរឿង និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅទូទាំង២៥រាជធានី-ខេត្ត តាមដំណាក់កាលនីមួយៗ។

បន្ទាប់ពីទទួលបានយុត្តិធម៌ពីការដោះស្រាយបញ្ហាដីធ្លីនេះហើយ ទើបនៅថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមាន៖ ភូមិថ្មី ភូមិស្អាង ស្ថិតក្នុងឃុំស្អាង ស្រុកជ័យសែន និងភូមិបុះ ឃុំម្លូព្រៃពី២ ស្រុកឆែប ខេត្តព្រះវិហារ បានចេញលិខិតថ្លែងអំណរគុណចំនួន២ច្បាប់ផ្សេងគ្នា ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដោយក្នុងលិខិតដែលចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋនោះ បានបញ្ជាក់ថា ពួកគាត់ទទួលបានការដោះស្រាយវិវាទដោយយុត្តិធម៌។

សូមរំឭកថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី ចំនួន២៧ក្រុម ដើម្បីចុះទៅដោះស្រាយជម្លោះដីធ្លីដែលបានកើតឡើង និងនៅសេសសល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្រាប់ក្រុមនីមួយៗ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាម្នាក់ជាប្រធាន ព្រមទាំងសមាជិក៣នាក់ ដែលជាមន្រ្តីនៅក្នុងក្រសួងដែនដីសរុប ១០៨នាក់។

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋក្នុងស្រុកជ័យសែន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន៖