(បាត់ដំបង)៖ ប្រជាពលរដ្ឋជិត៤០០នាក់ នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំពង មានសាទរយ៉ាងខ្លាំង​ និងថ្លែងអំណរគុណដល់អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ ដែលបានជួយដោះស្រាយកង្វល់ និងសំណូមពររបស់ពួកគាត់ និងសន្យាថា ឈប់ចាញ់បោកជឿតាមការឃោសនារបស់បក្សប្រឆាំងទៀតហើយ។

វេទិកាតំណាងរាស្រ្តជាមួយប្រជាពលរដ្ឋនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងវត្តបួនមុខ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមវត្តមានអ្នកតំណាងរាស្រ្តលោក ឡោក ហ៊ួរ និងលោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ។

អ្នកតំណាងរាស្រ្តលោក ឡោក ហ៊ួរ បានឲ្យដឹងថា លោកបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៤០០នាក់ ក្នុងឃុំអូរដំបង១ បានស្តាប់ពីទុក្ខកង្វល់ និងសំណូមពររបស់ពួកគាត់ ដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋឡើងនិយាយម្នាក់ម្តងៗ បង្ហាញពីការលំបាកក្នុងការរស់នៅរបស់ខ្លួនក្នុងមូលដ្ឋាន។ នៅក្នុងវេទិកានេះដែរ មានប្រជាពលរដ្ឋបានសំណូមពរឲ្យអ្នកតំណាងរាស្រ្តជួយដល់ពួកគាត់ផ្សេងៗគ្នា តាមរយៈការសុំស្តារប្រឡាយបង្ហូរទឹកសម្រាប់ប្រើប្រាស់ធ្វើស្រែចម្ការប្រចាំថ្ងៃ ខ្លះទៀតសុំធ្វើផ្លូវក្រាលកៅស៊ូចូលក្នុងភូមិនានាផង។

លោក ឡោក ហ៊ួរ បានបញ្ជាក់ថា រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋនាថ្ងៃនេះ លោកបានធ្វើការដោះស្រាយតាមសំណូមពរប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបសំណូមពរនោះ លោកបានផ្តល់ដីចំនួន២០០ឡានធំ សម្រាប់ចាក់ធ្វើផ្លូវថ្នល់តាមភូមិនានាក្នុងឃុំផងដែរ។ នៅក្នុងឱកាសសំណេះសំណាលនេះផងដែរ ប្រជាពលរដ្ឋមួយចំនួនបានិយាយថា ពួកគាត់តែងតែបោះឆ្នោតជូនបក្ស CPP រហូតមក តែមានអ្នកខ្លះទៀតក៏បានសារភាពថា ខ្លួនបានបោះឆ្នោតឲ្យទៅបក្សប្រឆាំង ដោយសារតែជឿតាមការឃោសនារបស់សកម្មបក្សប្រឆាំងតែពេលនេះ គាត់លែងជឿទៀតហើយ ព្រោះបានត្រឹមតែសន្យាបោកប្រាស់ ធាតុពិតមិនបានកសាងអ្វីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគណបក្ស CPP ឡើយ។

លោក ឡោក ហ៊ួរ បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា ត្រូវទៅចុះឈ្មោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីមានឱកាសទៅបោះឆ្នោតជូនគណបក្ស CPP ទទួលបានជ័យជម្នះ ដើម្បីបន្តកសាង និងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំឲ្យកាន់តែរីកចម្រើនជាងមុនតទៅ។

លុះពេលរសៀលថ្ងៃដដែល ក្រុមការងារបក្សស្រុកបានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា សកម្មជនសាខាបក្សភូមិ-ឃុំ-ស្រុក នៅទីស្នាក់ការបក្សស្រុក ដើម្បីពង្រឹង និងផ្សព្វផ្សាយការធ្វើបច្ចុប្បន្នភាពចុះបញ្ជីបោះឆ្នោតឲ្យបានលឿន សម្រាប់ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ៕