(ភ្នំពេញ)៖ ក្រោយពីក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួនពីរគឺគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដោយសារតែគណបក្សនេះបាននិងកំពុងអនុវត្តសកម្មភាពខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ដោយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ Facebook មួយឈ្មោះ «កូននាគអាស៊ី» ដែលធ្លាប់ទម្លាយរឿងរ៉ាវពិតជាច្រើនបានបន្តទម្លាយថា «គណបក្សសង្រ្គោះជាតិ នឹងរលាយយ៉ាងពិតប្រាកដនៅមុខបំណាច់ឆ្នាំនេះ គ្មានអ្នកណាអាចរាំងស្កាត់បុរសខ្លាំង ហ៊ុន សែន បានឡើយ ដូច្នេះមន្រ្តី និងសមាជិករបស់គណបក្សមួយនេះគួររត់រកកន្លែងជ្រកឲ្យហើយជាការល្អ»

Facebook ដែលវិភាគមិនសូវខុសឈ្មោះ កូននាគអាស៊ី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះកូននាគអាស៊ី ! សុំចេញយោបល់ពិសេសមួយពាក់ព័ន្ធនឹងស្ថានការណ៍របស់បក្សសង្រ្គោះជាតិ ដែលនឹងជិតរលាយក្នុងពេលឆាប់ៗនេះ។ ខ្ញុំគិតថា បុរសខ្លាំង ហ៊ុន សែន នឹងកម្ទេចគណបក្សដែលគាំទ្រដោយបរទេសមួយនេះឲ្យរលាយជាក់ជាមិនខាន ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះថាសម្តីរបស់លោកនិយាយហើយ គឺធ្វើតែម្តងមិនមានអ្វីមករាំងស្កាត់នោះទេ សូម្បីតែពួកបរទេសក៏មិនអាចដែរមើលទៅ។ ខ្មែរក្រហមដែលល្បីថាខ្លាំង ក៏នៅចាញ់ក្រោមស្នាដៃរបស់បុរសខ្លាំង ហ៊ុន សែន ហើយស្ថានភាពគណបក្សសង្រ្គោះជាតិនៅពេលនេះ គឺកំពុងធ្វើដំណើរទៅរកជ្រោះមរណយ៉ាងពិតប្រាកដហើយ។

មន្រ្តីរបស់គណបក្សមួយនេះគួររកកន្លែងជ្រកឲ្យហើយទៅ ហើយនៅស្ងៀមស្ងាត់ក៏កាន់តែល្អ ព្រោះតាមខ្ញុំគិត លំដាប់ដល់ថ្នាក់មេបក្សហើយ ក៏បុរសខ្លាំង ហ៊ុន សែន បញ្ជាឲ្យចាប់វាយខ្នោះបែបអាមេរិកដល់ក្នុងផ្ទះទាំងកណ្តាលយប់ទៀត ចុះត្រឹមកូនចៅ វាគឺងាយស្រួលណាស់សម្រាប់លោក ហ៊ុន សែន ចង់វៃខ្នោះពេលណាក៏បានដែរ ដូច្នេះគួរកុំធ្វើឲ្យអ្វីឲ្យសោះ វាអាចជាការប្រសើរ។

មកនិយាយអំពីលោកតា លឺ ឡាយស្រេង ឯណោះវិញ គាត់ប្រហែលចាស់ជរាពេកហើយ ទៅនិយាយអ្វីដែលមិនយល់ពីច្បាប់បន្តិចណាសោះ បែរជានិយាយថានៅពេលរំលាយបក្សប្រឆាំង គឺសភាក៏រលាយ ហើយរដ្ឋាភិបាលក៏សូន្យដែរ នេះពិតជាសម្តីឡប់លាយឆ្កួតហើយមើលទៅ។ ចំពោះខ្ញុំគិតថាលោកតា គួរប្រយ័ត្នខ្លួនហើយកុំមាត់អីទៀត លោកតាក៏គួរដឹងច្បាស់ណាស់ពីស្នាដៃ និងចរិតរបស់បុរសខ្លាំងនៅកម្ពុជាមួយនេះ ព្រោះលោកតាធ្លាប់ធ្វើការក្រោមបង្គាប់បញ្ជារបស់គាត់ជិត២០ឆ្នាំដែរ។ តាមខ្ញុំដឹងព័ត៌មានខ្លះថា មានមនុស្សមួយចំនួនធំកំពុងស្ថិតនៅក្នុងបញ្ជីបិសាចរបស់បុរសខ្លាំង។ ខ្ញុំទស្សនទាយថា គណបក្សសង្រ្គោះជាតិ នឹងរលាយនៅមិនយូរដល់ដាច់ឆ្នាំនេះទេ ហើយនេះក៏គេមិនភ្លេចនឹកឃើញដល់ហោរាទស្សន៍ទាយថៃដ៏ល្បីមួយរូបថា បក្សប្រឆាំងនឹងដាច់ក្បាល រលាយខ្លួនដូចអំបិល»។

ទោះបីយ៉ាងពាក់ព័ន្ធករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា តាមរយៈក្រសួងមហាផ្ទៃនេះ, អង្គភាព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិនៅឡើយទេ៕