(ត្បូងឃ្មុំ)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភកុំព្យួទ័រលើតុចំនួន ១៥គ្រឿង និងកុំពញយួទ័រយួរដៃចំនួន ៦គ្រឿង សម្រាប់បម្រើការក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

កុំព្យួទ័រទាំង២១គ្រឿងខាងលើ ត្រូវបានលោក ហុង ជឿន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ទទួលបន្ទុកយុវជន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំចុងជាច និងជាតំណាងលោក ហេង សួរ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ទទួលបន្ទុកយុវជន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំចុងជាច បាននំាយកទៅប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន តំបែរ វិទ្យាល័យ ហ៊ុន សែន ចារថ្មី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកតំបែរ និងសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំស្រុកតំបែរ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ។

អំណោយកុំព្យូទ័រដែលបានផ្តល់ជូននេះ អាចឲ្យសិស្សានុសិស្សមានលទ្ធភាពរៀនចំណេះដឹងខាងផ្នែកកុំព្យូទ័របន្ថែមទៅលើមុខជំនាញ ក៏ដូចជាប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបម្រើឲ្យការសិក្សារបស់ខ្លួន។ ម្យ៉ាងវិញទៀត វាក៏ជាឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យារបសសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ដើម្បីលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការបង្រៀន និងការសិក្សាស្របតាមការអភិវឌ្ឍវិស័យអប់រំក្នុងសម័យទំនើបនេះ។

ទោះស្ថិតក្នុងតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ ក្នុងការប្រឡងបាក់ឌុបនៅក្នុងឆ្នាំ២០១៧នេះ វិទ្យាល័យ ហ៊ុន សែន តំបែរ ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងនោះមានសិស្សម្នាក់ បានទទួលនិទ្ទេស A។ ក្នុងឱកាសនោះសិស្សានុសិស្ស លោកគ្រួ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ហើយបានថ្លែងអំណរគុណយ៉ាងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ក្នុងការសិក្សារៀនសូត្ររហូតសម្រេចបានជោគជ័យ ដូចបានបង្ហាញឱ្យឃើញនៅក្នុងឆ្នាំ២០១៧នេះ ក៏ដូចជាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ក្នុងកិច្ចការបង្រៀនកូនចៅប្រជាពលរដ្ឋសម្រេចបានលទ្ធផលកាន់តែប្រសើរឡើង ជាពិសេសអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ហើយកន្លងមកបានខិតខំគ្រប់យ៉ាងដើម្បីបង្កើតឱកាស សម្រាប់យុវជនជំនាន់ក្រោយទទួលបានការអប់រំកាន់តែខ្ពស់ ដែលខ្លួនសម្តេចមិនដែលធ្លាប់មានឱកាសដូចនេះ។

ជាមួយគ្នានេះ លោក ហុង ជឿន រួមជាមួយលោកអភិបាលស្រុកតំបែរ និងក្រុមការងារ ក៏បាននាំយកបច្ច័យចំនួន ៤,៧៥៥ដុល្លារអាមេរិក ប្រគេនជូនព្រះសង្ឃក្នុងវត្តជនីរង្សី ដើម្បីរួមចំណែករៀបចំសាងសង់កុដថ្មីពីរជាន់ស្ថិតនៅក្នុងវត្ត ដែលស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសាសនានៅកម្ពុជា៕