(ចិន)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ១,៥០០ដុល្លារ ដល់និស្សិតខ្មែរម្នាក់ដែលកំពុងសម្រាកព្យាបាលនៅប្រទេសចិន ខណៈនិស្សិតរូបនេះកំពុងសិក្សានៅទីនោះស្រាប់ ដើម្បីជួយសម្រួលថ្លៃព្យាបាល និងអាហារូបម្ថត្ភដល់រូបគាត់។

ថវិកាចំនួន១,៥០០ដុល្លារនេះផងដែរ ត្រូវបាននាំទៅប្រគល់ជូននិស្សិតខាងលើ តាមរយៈលោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន លោក ហេង ជិនហាក់ ប្រធានក្រុមប្រឹក្សាសមាគមនិស្សិតប្រចាំប្រទេសចិន និងក្រុមការងារសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។

លោក អ៊ុំ វុទ្ធទី បានឲ្យដឹងថា និស្សិតដែលកំពុងសម្រាកព្យាបាលខាងលើមានឈ្មោះ ស៊ាន ផានិត បានជួបបញ្ហាសុខភាពរហូតដល់ត្រូវបានវះកាត់ឆ្អឹងខាងក្រោយខ្នង នៅមន្ទីរពេទ្យទីក្រុង Jiamusi ខេត្ត Heilongjiang។

លោកបានបន្តថា ថ្មីៗនេះនិស្សិត ស៊ាន ផានិត បានទទួលថវិកាឧបត្ថម្ភចំនួន ២,០០០យ័ន ពីលោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ និងនិស្សិតខ្មែរនៅតាមបណ្តាខេត្ត-ក្រុងនានាទូទាំងចិន តាមរយៈក្រុមការងាររបស់សមាគមនិស្សិតសរុប ១,៥០០ដុល្លារ សម្រាប់រួមចំណែកជួយសម្រួលថ្លៃព្យាបាល។ និស្សិត ស៊ាន ផានិត បានថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ និងលោកអគ្គកុងស៊ុល ហេង ពៅ ព្រមទាំងបងប្អូននិស្សិតទាំងអស់ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការរួមចំណែកជួយរូបគាត់។

លោក អ៊ុំ វុទ្ធទី បានលើកឡើងថា គ្រប់កាលៈទេសៈតែងតែមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរជានិច្ច មិនថាក្នុង ឬក្រៅប្រទេសឡើយ។

សូមជម្រាបថា និស្សិតកម្ពុជាកំពុងសិក្សានៅទីក្រុង Jiamusi នេះ មានត្រឹមតែ៤នាក់ប៉ុណ្ណោះ សុទ្ធតែជានិស្សិតពេទ្យ។ តំបន់នេះត្រជាក់ណាស់ ជាប់ជាមួយព្រំដែនប្រទេសរុស្ស៊ី។ ចាប់តាំងពីបង្កើតសមាគមនិស្សិតមក និស្សិតខ្មែរនៅគ្រប់ច្រកល្ហក គ្រប់តំបន់នៅទូទៅប្រទេសចិន មិនមានភាពឯកាទៀតឡើយ ដោយសារនិស្សិតទូទៅចិនមានបណ្តាទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ដោយសារតំណាងនិស្សិតគ្រប់តំបន់ទាំងអស់ សរុបមាន២៣ខេត្តនៅចិន ដែលមាននិស្សិតខ្មែរយើងប្រហែល១៤០០នាក់កំពុងសិក្សាចិន។ លោក អ៊ុំ វុទ្ធទី និងលោក ហេង ជិនហាក់ ជាស្ថាបនិកក្នុងការបង្កើតសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន៕