(កណ្ដាល)៖ លោកស្រី ឃួន សុដារី សមាជិកាគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកាសភាតំណាងរាស្រ្ត មណ្ឌលកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក នៅថ្ងែទី០៧ ខែតុលានេះ បានជំរុញដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់របស់ខ្លួន ត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ និងមានក្រមសីលធម៌ត្រឹមត្រូវ ពេលបំពេញការងារពិសេសនោះ គឺបម្រើសុខទុកប្រជាពលរដ្ឋយើង ដូចជាកូនជាចៅ ក្នុងគ្រួសារតែមួយ ទោះមានបញ្ហាអ្វីក៏យើងត្រូវចេះសាមគ្គីគ្នា រកដំណោះស្រាយជូនគាត់ ឲ្យទាន់ពេលវេលា ។

លោកស្រីឃួន សុដារី បានថ្លែងបន្ដថា «សមាជិកយើងសព្វថ្ងៃ គឺមានទាំងសមត្ថភាព ក្នុងការបំពេញកិច្ចការងារ ប្រកបដោយចំណេះដឹង ដូចនេះយើងត្រូវបន្ដការងារយើង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការរក្សាសុខសន្ដិភាព ការយកចិត្ដទុក្ខដាក់ និងជួយប្រជាពលរដ្ឋបងប្អូនយើង ឲ្យទាន់សភាពការ និងគ្រប់កាលៈទេសៈ ដូចអ្វីដែលយើងបានធ្វើកន្លងមកនេះ»។

ប្រធានគណៈអចិន្ត្រៃយ៍ គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក រូបនេះ បានថ្លែងទៀតថា ពិសេស​ ជម្រុញឲ្យមានការ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា ហើយពួកគាត់បញ្ហាអ្វី ត្រូវដោះស្រាយជូនភ្លាមៗ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ពួកគាត់។

ព្រមជាមួយគ្នានោះ លោកស្រី ក៏បានពង្រឹងការងារបក្សផងដែរថា បន្តការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស អនុវត្តគោលការណ៍ «ពង្រឹងចាស់ ពង្រីកថ្មី» ដើម្បីពង្រឹង និងពង្រីកប្រៀបឈ្នះ នៅការបោះឆ្នោតឆ្នាំ២០១៨, បន្តចែកចាយព័តមានអោយគ្នាទៅវិញទៅមកដើម្បីបង្កើនចំណេះដឹង, ពង្រីកឆន្ទៈ បង្កើនសកម្មភាព ផ្សព្វផ្សាយគោលនយោបាយបក្ស ការធ្វើអំពើល្អ ការចិញ្ចឹមចលនាបក្ស ថែបំប៉នសតិអារម្មណ៍ សំដៅបង្កើនប្រជាប្រិយ៍ភាព សមាជិកម្នាក់ សន្លឹកឆ្នោតគាំទ្រ១សន្លឹក, រក្សា និងពង្រឹងបន្ថែម ស្មារតីសាមគ្គីភាពផ្ទៃក្នុងបក្ស មានរបៀបរបបធ្វើការងារត្រឹមត្រូវ ច្បាស់លាស់ ។

ទន្ទឹមនឹងនោះ លោកស្រីក៏បានថ្លែងអំណរគុណ ដល់មន្រ្តីបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានគាំទ្រកម្មវិធីនយោបាយគណបក្សរៀងរហូតមក ហើយបច្ចុប្បន្ន​ កំពុងធ្វើសកម្មភាពបំពេញមុខងារ តាមតួនាទី ដើម្បីពង្រឹងរចនាសម្ពន្ធ័ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ពិសេសទៀត គឺការចុះជួបគ្រួសារបក្ស ការចិញ្ចឹមចលានាបក្ស ការពង្រឹង ពង្រីកបក្ស និងការជំរុញសមាជិកបក្ស ចុះឈ្មោះបោះឆ្នោត៕