(ភ្នំពេញ)៖ កូនប្រុសរមើលគុណម្នាក់ បានខ្ចីទូរស័ព្ទពីបុរសដែលជាឪពុកបង្កើតរបស់ខ្លួន ដើម្បីតេទៅកាន់កន្លែងធ្វើការ ប៉ុន្តែខណៈនោះបុរសជាឪពុក មិនបានឲ្យខ្ចីនោះទេ ដែលជាហេតុធ្វើឲ្យជននោះខឹង បានក្លាយទៅជាទំនាស់ពាក្យ​សម្ដីគ្នាជាមួយឪពុក និងទាញកាំបិតកាប់តែម្ដង ហើយក៏ត្រូវប្រជាការពារភូមិ និងប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីរឿងចាត់ការតាមច្បាប់។

ហេតុការណ៍​​មួយនេះ បានកើតឡើង​នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ រតនៈ សម្បត្តិ អាយុ២០ឆ្នាំ មុខរបររត់តុកាហ្វេ នៅហាងមួយក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកបុរសជាឪពុកដែលត្រូវបានកូនអកតញ្ញូម្នាក់នេះ កាប់ឲ្យរបួសឈ្មោះ ស៊ុន ឡេង អាយុជាង៥០ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីពេទ្យភ្លាមៗដែរ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ យុវជនស្ទាវម្នាក់នោះ បានខ្ចីទូរស័ព្ទពីឪពុក​ដើម្បីតេទៅកាន់កន្លែងធ្វើការ ខណៈនោះ​ឪពុកមិនបានឲ្យខ្ចី​ឡើយ បន្ទាប់មកគេបានសុំលុយទិញកាតបញ្ចូលទូរស័ព្ទផ្ទាល់ខ្លួន តែត្រូវបានឪពុកអត់ឲ្យទៀត ទើបជាហេតុធ្វើឲ្យជននោះ មានការខឹងសម្បារ បានស្ដីថាឲ្យឪពុក​នូវពាក្យសម្ដីគ្រោធគ្រាតផ្សេងៗ រហូតបង្កឲ្យមានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង។ ក្រោយពេលពេលឃើញមានរឿងបែបនេះ យុវជនម្នាក់ទៀត ដែលត្រូវជាបងប្រុសបង្កើតរបស់គេ បានជួយខាងឪពុកដោយឈ្លោះជាមួយជននេះដែរ ហើយបានធ្វើឲ្យជននេះរឹតតែខឹងខ្លាំងឡើងថែមទៀត រួចក៏បានទាញកាំបិតបុ័ងតោកាប់ឪពុក បណ្ដាលឲ្យរងរបួសតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុជនដៃដល់ ប្រុងរត់គេចខ្លួន ប៉ុន្តែរត់មិនរួចទេ ត្រូវបានប្រជាការពារ និងប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបាន រួច​ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសួរនាំចាត់ការតាមច្បាប់ ចំណែកបុរសជាឪពុក ក៏បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលចាត់ការ កូនប្រុសរូបនេះតាមច្បាប់៕