(ភ្នំពេញ)៖ លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU តំណាងឲ្យកម្មករនិយោជិតនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជាជាង៧០ម៉ឺននាក់ បានចេញសេចក្តីថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រកាសគាំទ្រ ចំពោះការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ដល់១៧០ដុល្លារ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈកម្មាធិការប្រឹក្សាការងារ (LAC) ដែលមានលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងជាប្រធាន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាការងារអាណត្តិទី០៨ លើកទី១៧ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ បានធ្វើឲ្យបរិយាកាសការចរចាប្រាក់ឈ្នួល អប្បបរិមាផ្នែកវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨ បានសម្រេចជាឯកឆន្ទលើតួលេខរួមតែមួយគឺ១៦៥ដុល្លារ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

ក្រុមសហជីពមួយនេះ បានចាត់ទុកថា «អ្វីដែលមិននឹកស្មានដល់នោះគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបន្ថែម៥ដុល្លារ ដែលធ្វើអោយការតម្លើងប្រាក់ឈ្នួល អប្បបរិមាផ្នែកវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨ គឺទទួលបាន១៧០ដុល្លារ បូកអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតចំនួន១៨៧ទៅ១៩៨ដុល្លារ»។

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ជួសមុខឲ្យកម្មករនិយោជិត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងគិតគូរជានិច្ចចំពោះជីវភាពរស់នៅប្រចាំថ្ងៃ របស់កមកមករនិយោជិតទូទាំងប្រទេស៕

សម្រាប់ កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរនិងផលិតស្បែកជើង នឹងទទួល​ប្រាក់ខែអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពី១៨៧ដុល្លារ ដល់១៩៨ដុលា្លរ ដែលជាផ្នែកមួយជួយសម្រួលដល់ជីវភាព របស់កម្មករកាន់តែប្រសើរឡើង៕