(បាត់ដំបង)​៖ ​ប្រជាពលរដ្ឋឃុំភ្នំសំពៅ ស្រុកបាណន់ រីករាយសប្បាយចិត្តបន្ទាប់ពីបានទទួលសមិទ្ធិផលថ្មីៗបន្ថែមទៀត ពីក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ ដែលបាន​បើកការដ្ឋានកសាងផ្លូវគ្រួសក្រហម២ខ្សែ ជូនប្រជាពលរដ្ឋ និងជូនផ្ទះ២ខ្នង ដល់ជនចាស់ជរាគ្មាន​ទីពឹង នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការបក្សឃុំ។

លោក ហែម ថេង ប្រធានក្រុមការងារ​បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត និងសំណូមពររបស់ប្រជាពលរដ្ឋ ក្រុមការងារ និងសហការី តែងតែនាំគ្នាចុះមកសួរសុខទុក្ខ ក្តាប់ពីសភាពការណ៍ជីវភាពរស់នៅ និងជួយដោះស្រាយកង្វល់ របស់គាត់ជាប្រចាំកន្លងមក។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ជាក់ស្តែងនាព្រឹកថ្ងៃទី០៧ ខែតុលា​នេះ ក្រុមការងារ​បានចុះបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រូសក្រហម ជូនប្រជាពលរដ្ឋចំនួន២ខ្សែ ដោយមួយ​នៅភូមិសំណាញ់ មានប្រវែង១,៩៩២ម៉ែត្រ មានទទឹង៤ម៉ែត្រ ចំណាយទឹកប្រាក់៦,០០០ដុល្លា និងមួយទៀត នៅភូមិសំពៅលិច មានប្រវែង២,៥៨៨ម៉ែត្រ មានទទឹង៤ម៉ែត្រ ចំណាយទឹកប្រាក់៨,០០០ដុល្លារ រួចបន្តដឹកនាំក្រុមការងារទៅប្រគល់ផ្ទះទី១៥ និងទី១៦ ជូនដល់ស្រ្តីមេម៉ាយ និងចាស់ជរា២នាក់ មានតម្លៃ៧០០ដុល្លា។

ដោយឡែកនៅព្រឹកមិញនេះ លោក៏បានដឹកនាំប្រជុំកែសម្រួលសមាសភាព និងការផ្សព្វផ្សាយការបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ប្រកាសកែសម្រួលសមាសភាព ក្រុមការងារចុះមូលដ្ឋាន។

លោក​ក៏បានប្រាប់ទៅសកម្មជនបក្សឃុំ នៅទីស្នាការបក្សថា សកម្មជននៅមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវពន្លឿនធ្វើបច្ចុប្បន្នភាពចុះក្នុងបញ្ជីឈ្មោះឆ្នោត ដោយចុះទៅតាមខ្នងផ្ទះ ការចុះឈ្មោះបោះឆ្នោតថ្មី របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០១៧នេះ ដើម្បីត្រៀមរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តីទី៦ នាឆ្នាំ២០១៨ខាងមុខនេះ៕