(ភ្នំពេញ)៖ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរយ៉ាងខ្លាំង ចំពោះបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យលិចលង់រាជធានីនារដូវវស្សានេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងបណ្តាញ បង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ដោយមានកិច្ចសហប្របត្តិការយ៉ាងល្អ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា បានស្នើឱ្យរដ្ឋបាលរាជធានី ស្តារប្រឡាយដែលមានស្រាប់ កសាងប្រព័ន្ធបង្ហូរថ្មី និងមានការលាងសម្អាតបំពង់លូ អណ្តូងលូ ឱ្យបានរៀងរាល់ឆ្នាំ ដើម្បីជម្រុញល្បឿនទឹកហូរ កាត់បន្ថយការជនលិចទឹក ក្នុងរាជធានីផ្នំពេញ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារ និងរាយការជូនពីសកម្មភាព បណ្តុះបណ្តាលមន្រ្តី មន្ទីរសាធារណៈការរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៦ ខែតុលា នៅសាលារាជធានីភ្នំពេញ លោក ស៊ូហ្កាណុ យូអ៊ីឈី ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានជម្រាប់ជូនលោកអភិបាលរាជធានីថា ប្រព័ន្ធលូបង្ហូរទឹក ពិតជាមានសារសំខាន់ណាស់ ដែលទាមទារឱ្យមានការថែទាំលាងសំអាត និងយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានជាប្រចាំ។ លោកថា ដើមឡើយនៅទីក្រុងមួយចំនួនរបស់ជប៉ុន ក៏មានបញ្ហាដូចរាជធានីភ្នំពេញដែរ តែក្រោយមក រដ្ឋាភិបាលបានកែសម្រួលការគ្រប់គ្រង រួមផ្សំជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋផងនោះ បញ្ហានេះត្រូវបានដោះស្រាយបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះ លោកស្នើឱ្យរដ្ឋបាលរាជធានី បន្តការស្តារ និងបាញ់លាងបំពង់លូ អណ្តូងលូ នៅតំបន់ជាច្រើនទៀត ក្នុងរាជធានីដែលមានការលិចលង់ខ្លាំងនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

អ្នកជំនាញមកពីទីក្រុង Kitakyushu បានលើកឡើងនូវរបាយការណ៍មួយចំនួន ដែល JICA បានជួយបណ្តុះបណ្តាលដល់មន្រ្តីជំនាញ នៃមន្ទីរសាធារណៈការ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ដោយបានអនុវត្តផ្ទាល់ក្នុងការបាញ់លាងបំពង់លូ និងអណ្តូងលូ ស្ថិតនៅក្នុងបរិវេណវត្តភ្នំដើម្បីធានាថា បំពង់ និងអណ្តូងលូ មិនមានអ្វីកក់ស្ទះទៀតទេ ពោលគឺតំបន់នោះ អាចជួយជម្រុញល្បឿន ទឹកជំន់ទឹកភ្លៀង បានលឿន មិនបង្កឲ្យមានការលិចលង់យូរនៅក្នុងតំបន់នោះទៀតឡើយ។

ជាការឆ្លើយតបលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងចាត់ទុកជប៉ុនជាមិត្តដ៏ល្អកម្រមាន ដោយសារមិត្តម្នាក់នេះ បានជួយកម្ពុជាដោយចិត្តស្មោះ ពៅលគឺជួយទាំងថវិកា បច្ចេកទេស និងធនធានមនុស្ស ពិសេសបានគិតគូរដោយយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយបញ្ហាការកកស្ទះចរាចរ ការជន់លិចជំនន់ទឹកភ្លៀង និង បញ្ហាជាច្រើនទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាជាច្រើនទៀត។

ទាក់ទិននឹងបញ្ហាជំនន់ទឹកភ្លៀងនារដូវវស្សានោះ លោកអភិបាលបានជម្រាបជូនថា «បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផែនការ និងមានឆន្ទៈយ៉ាងច្បាស់ ក្នុងការដោះស្រាយបញ្ហានេះ នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ»។ លោកអភិបាលបញ្ជាក់ថា គម្រោងស្តារប្រឡាយ ថ្មីចាស់ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ហើយផែនការស្តារអណ្តូងលូ បំពង់លូ គឺជាអាទិភាពមួយ ដែលក្នុងមុខដំណែងជាអភិបាលនេះ លោកត្រូវធ្វើឱ្យបាន ដើម្បីកាត់បន្ថយ ឬលុបបំបាត់ការជន់លិចលំនៅដ្ឋាន ផ្លូវ ថ្នល់នានាក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បញ្ជាក់ថា ការលាងសំអាតបំពង់លូនៅភ្នំពេញនេះ មានបញ្ហាប្រឈមមួយចំនួន ដែលពឹងផ្អែកតែលើរថយន្តបាញ់លាង ជាជំនួយរបស់មិត្តជប៉ុនមួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវប្រើកម្លាំងមនុស្សចុះដោយផ្ទាល់ ព្រោះថា បណ្តាញលូបង្ហូរទឹកកខ្វក់ទាំងអស់ មានការកក់ស្ទះជាយូឆ្នាំណាស់មកហើយ ដោយសាការហូរចូលដី សំរាម ថង់ផ្លាស្ទីក និងរបស់របររឹងៗមួយចំនួនទៀត ដែលប្រជាជនបានបោះចោល។

យ៉ាងណាក៏ដោយ លោកអភិបាលបានទទួលយកនូវសំណើរ និងអនុសាសន៍ បទពិសោធន៍ ដែលអ្នកជំនាញជប៉ុនផ្តល់ឱ្យទៅអនុវត្ត លើការងារការពារ ថែរក្សា និង បាញ់លាងបំពង់លូង អណ្តូង ក្នុងរាជធានីនេះឱ្យបានល្អប្រសើរ ហើយសន្យាថា នៅខែប្រាំងឆ្នាំ២០១៨ខាងមុខនេះ នឹងអនុវត្តការងារនេះឱ្យបានខ្លាំងក្លាយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធានាថា ជំនន់ទឹកភ្លៀងនឹងមិនបង្ករបញ្ហាដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតឡើយពិសេសក្នុងរដូវវស្សាតែម្តង៕