(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្តេជ្ញាថា នឹងប្រឹងប្រែងរកសំឡេងគាំទ្រឲ្យបានយ៉ាងតិចមួយអាសនៈនៅក្នុងស្រុកកោះធំនេះ តាមរយៈសកម្មភាពកសាងសមិទ្ធផលនានាជាប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋយល់ច្បាស់ និងមើលឃើញគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយមួយគត់មានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ការប្តេជ្ញារបស់លោក ស៊ុន ចាន់ថុល ដែលជាមន្រ្តីកំពុងទទួលបានប្រជាប្រិយភាពមួយរូបនៅក្នុងជួររាជរដ្ឋាភិបាល បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្ស និងគ្រួសារបក្សសរុបប្រមាណ ២២៩នាក់ ក្នុងឃុំកំពង់កុង និងឃុំឈើខ្មៅ។

នៅចំពោះមុខសមាជិក សមាជិកាបក្សនោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា សុខសន្តិភាពដែលកើតមានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវការ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមួយដ៏ពិតប្រាកដ។ លោក ស៊ុន ចាន់ថុល បានថ្លែងជំរុញឲ្យសមាជិក សមាជិកា ខិតខំផ្សព្វផ្សាយនូវសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅឆ្នាំ២០១៨ខាងមុខ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ សម្រាប់អភិវឌ្ឍន៍ជីវភាពរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសដ៏កម្សត់មួយនេះ។ ដូច្នេះយើងជាសមាជិក សមាជិកា ត្រូវតែផ្សព្វផ្សាយ ពន្យល់ និងបង្ហាញនូវអ្វី ដែលជាកិច្ចខិតខំរបស់សម្តេច និងរាជរដ្ឋាភិបាលទៅបងប្អូនប្រជាពលរដ្ឋ។ យើងត្រូវរួមគ្នាដណ្តើមអាសនៈឲ្យបានយ៉ាងតិចមួយអាសនៈនៅក្នុងស្រុកកោះធំសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ»។

ទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល ក៏បានថ្លែងការកោតសរសើរសកម្មជនបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយដល់បក្ស ហើយគិតចាប់តាំងពី២០១៣ រហូតដល់ឆ្នាំ២០១៧នេះ ចំនួនសមាជិក សមាជិការបស់គណបក្សមានការកើនឡើងគួរឲ្យកត់សម្គាល់។

លោក ស៊ុន ចាន់ថុល បានណែនាំសមាជិក សមាជិកាបក្ស និងសកម្មជនទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ យកចិត្តទុកដាក់លើប្រជាជនក្នុងស្រុកដូចបងដូចប្អូន ព្រមទាំងត្រូវបន្តជំរុញឲ្យមានការអភិវឌ្ឍ កសាងសមិទ្ធផលសំខាន់ៗក្នុងស្រុកសំដៅបង្កភាពងាយស្រួល ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការលូកដៃរបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលនាំដល់ការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងផងដែរ។ លោកបានថ្លែងថា គោលបំណងផ្លាស់ប្តូររបបដឹកនាំរបស់គណបក្សប្រឆាំង អាចធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិជាថ្មីម្តងទៀត៕