(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយមូលនិធិយុវជនខ្មែរស្ម័គ្រចិត្តនៅកូរ៉េ បានរៀបចំកម្មវិធីប្រគុំតន្រ្តីសប្បុរសធម៌ធំជាងគេ ប្រចាំឆ្នាំ២០១៧ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងអានសាន់ ខេត្តខ្យងគី ដោយបានអញ្ជើញក្រុមសិល្បៈមកពីកម្ពុជារួមមាន៖ កញ្ញា ពេជ្រ សោភា កញ្ញា សុខ ពិសី នាយចឺម និង Step និងក្រុមរាំទាំងអស់១៦នាក់។

ជាមួយគ្នានេះ ក្រុមការងារក៏បានអញ្ជើញក្រុមចម្រៀងខ្មែរនៅកូរ៉េស្ទើរទាំងអស់នៅទីនេះស្រាប់ចូលរួមសម្ដែង។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូនចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៧ល្ងាច និងទទួលបានការគាំជាខ្លាំងពីសហគមន៍ខ្មែរនៅទីនេះ ដោយមានការចូលរួមប្រមាណជាង៨ពាន់នាក់ ហើយថវិកាដែលសល់ពីការចំណាយនឹងបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ផា និងជួយប្រជាជនខ្វះខាតនៅកូរ៉េ និងកម្ពុជា។