(ព្រះសីហនុ)៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើសូមឲ្យប្រជាពលរដ្ឋ និងសាធាណជនទាំងអស់ដែល​មានអចលនវត្ថុ ត្រូវប្រកាសនិងបង់ប្រាក់ពន្ធ សូមមកប្រកាស និងបង់ពន្ធឲ្យបានទាន់ពេលវេលា ជៀសវាងកាយឺតយ៉ាវ និងទទួល​ទោសទណ្ឌជាយថាហេតុ។

ការស្នើសូមរបស់ប្រតិភូរាជរដ្ឋាភិបាល បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួចដាក់សម្ភោធឲ្យប្រើប្រាស់នូវអគារពន្ធដារ​សាខាក្រុងព្រះសីហនុជាផ្លូវការ រួមជាមួយ​លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។

លោក គង់ វិបុល ឲ្យដឹងថា សមិទ្ធិផលអគារសាខាពន្ធដារថ្មីនេះនឹងឆ្លើយតប ចំពោះការ កើនឡើងនៃទំហំការងារគ្រប់គ្រងប្រមូលពន្ធក្នុងខេត្ត ស្របទៅ នឹងភាពរីកចម្រើន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត បានកើនឡើង គួរឱ្យកត់សម្គាល់ ហើយសូមផ្តាំផ្ញើរ ឱ្យលោកប្រធាន-អនុប្រធាន សាខា និងមន្ត្រីរាជការពន្ធដារទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធិផល ថ្មីនេះព្រមទាំងសម្ភារៈសម្រាប់បំពេញការងារទាំងឡាយ ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។

លោកបានឲ្យដឹងទៀតថា ចំណូលថ្នាក់ក្រោមជាតិ សំខាន់ៗរួមមាន ពន្ធអចលនទ្រព្យ អាករលើការស្នាក់នៅ អាករ បំភ្លឺសាធារណៈ នៅមានសក្តានុពលនៅឡើយសម្រាប់មូលដ្ឋាន ខេត្តព្រះសីហនុ។ លោកក៏បានឆ្លៀតប្រាជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ថា អគ្គនាយកដ្ឋានពន្ធដារបានពន្យារពេលនៃការបង់ពន្ធអចលនទ្រព្យ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងកោតសរសើរ អគ្គនាយកដ្ឋានពន្ធដារចំពោះសមិទ្ធិផលអគារសាខាពន្ធដារ ខេត្តព្រះសីហនុ ដែលបានលេចជារូបរាងឡើង ដោយចាត់ទុកថាសមិទ្ធិផលនេះ ចូលរួមលើកកម្តើង នៅមុខមាត់រដ្ឋបាលខេត្តព្រះសីហនុ នឹងចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធិភាព និងភាពប្រសើរឡើងថែមទៀត។

លោកក៏បានបញ្ជាក់ទៀតថា នេះជាការឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងន័យ ធ្វើឱ្យប្រជាពលរដ្ឋ ពេញចិត្ត ក្នុងការបង់ពន្ធជូនរដ្ឋ។ ក្នុងឱកាសនោះលោក បានកោតសរសើរចំពោះលទ្ធផលគ្រប់គ្រង ប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុ ក៏ដូចជាអគ្គនាយកដ្ឋាន ពន្ធដារ ព្រមទាំងលើកឡើងអំពីសារៈសំខាន់ នៃចំណូលថ្នាក់ ក្រោមជាតិ ក្នុងការអភិវឌ្ឍមូលដ្ឋានខេត្ត ហើយគាំទ្រពេញទំហឹង ចំពោះសាខាពន្ធដារខេត្ត និងអគ្គនាយកដ្ឋានពន្ធដារ ចំពោះ វិធានការនានា ដែលបានដាក់ចេញសម្រាប់ការពង្រឹងការប្រមូល ចំណូលពន្ធដារ ជាពិសេសចំពោះការចុះអង្កេតសហគ្រាស នៅក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខ។

អគ្គនាយកដ្ឋានពន្ធដារ បានយកចិត្តទុកដាក់ ខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ឆ្នាំ២០១៤-២០១៨ ស្របតាមគោលនយោបាយ របស់រាជរដ្ឋា- ភិបាលដែលបានដាក់ចេញ គឺមិនមានការបង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធឡើយគឺមានតែពង្រឹងការគ្រប់គ្រងប្រមូលពន្ធ។

លើសពីនេះទៀត រាជរដ្ឋាភិបាលតែងតែគិតគូរដល់ ប្រជាពលរដ្ឋ អ្នករកស៊ីតូចតាច តាមរយៈការលុបចោលនូវ របបម៉ៅការ ស្រប តាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដែល ក្នុងនោះ ប្រជាពលរដ្ឋជាអាជីវករតូចតាច បែបលក្ខណៈគ្រួសារ ដូច រៀបរាប់ខាងលើ ហើយមានកម្រិតផលរបរក្រោម ២៥០លានរៀល គឺជាកម្មវត្ថុនៃការលើកលែងពន្ធ និងមិនមានកាតព្វកិច្ចសារពើ ពន្ធទេ៕

{IfMobile}

{ElseMobile}

{EndIfMobile}