(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះថា ម្ចាស់ដី និងជាម្ចាស់ការដ្ឋានដែលកំពុងបុកគ្រឹះ​សាងសង់សំណង់​យ៉ាងធំមួយកន្លែង របស់លោកឧកញ៉ា តុង ហុកសេង ដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្រោយមន្ត្រីជំនាញចុះត្រួតពិនិត្យជាក់ស្ដែង មិនមានលិខិតអនុញ្ញាតត្រឹមត្រូវនោះ តែឥឡូវនេះអាចសាងសង់បន្តទៀតបានហើយ បន្ទាប់ពីតំណាងលោកឧកញ៉ា តុង ហុកសេង បានបង្ហាញលិខិតអនុញ្ញាត មានការទទួលស្គាល់ពីអាជ្ញាធរសង្កាត់-ខណ្ឌ និងអតីតអភិបាលរាជធានីភ្នំពេញ ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ 

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ អាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការណែនាំពីអភិបាលខណ្ឌ លោក ជា ពិសី និងមានការបញ្ជាផ្ទាល់ពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ បានចាត់ឲ្យមន្ត្រីជំនាញ​ពាក់ព័ន្ធចុះត្រួតពិនិត្យភ្លាមៗចំពោះការដ្ឋានដែលកំពុងបុកគ្រឹះ​សាងសង់សំណង់​យ៉ាងធំមួយកន្លែងរបស់លោកឧកញ៉ា តុង ហុកសេង ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយមានការដឹកនាំពីប្រធានក្រុមសំណង់ទី១ លោក ទ្រី គាងហុង ប្រធានក្រុមសំណង់ទី២ លោក ជា រតនា អនុប្រធានក្រុមការងារ លោក ចៅ ឡាស្កាន និងលោក ចែម សុវណ្ណនេត ហើយជាក់ស្ដែងបានរកឃើញថា ពុំមានលិខិតអនុញាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបឈានទៅដល់ការផ្អាកសាងសង់ជាបណ្ដោះអាសន្នសិនតែម្ដង។

លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា ការហាមឃាត់ជាបណ្ដោះអាសន្នចំពោះការសាងសង់សំណង់បុកគ្រឹះយ៉ាងធំនេះដែរ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដីនគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែប​បទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរងចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។

លោក ស៊ូ សោគន្ធ បានបញ្ជាក់ទៀតថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្តការសាងសង់ទាំងមិនមានលិខិតអនុញាត នោះរដ្ឋបាល​ខណ្ឌនឹងចាត់វិធានការរដ្ឋបាលឃាត់យកសម្ភារៈ ឧបករណ៍សំណង់មករក្សាទុកជាបណ្ដោះអាសន្ន ដោយមិនទទួល​ខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើងដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុង​ចំពោះមុខច្បាប់​ជាធរមាន៕