(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរគីមីនៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែតុលានេះថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក សម្រាប់ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមទៀតហើយ ខណៈដែលប្រជាពលរដ្ឋក៏ត្រូវ បានជម្លៀសចេញពីលំនៅឋាន របស់ពួកគាត់ទៅរកទីសុវត្ថិភាព សារជាថ្មី។

លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ បន្តប្រតិបត្តិការស្វែងរកគ្រាប់បែកគីមីទី២ ជាមួយគ្នានឹងប្រតិបត្តិការវេចខ្ចប់គ្រាប់បែកគីមីទី១ ដែលបានរកឃើញ។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ដែលបានចុះទៅពិនិត្យ វាយតម្លៃទីតាំងប្រតិបត្តិការដោះគ្រាប់បែកគីមី បានបញ្ជាក់ថា សារធាតុគីមីដែលបានរកឃើញ ក្នុងគ្រាប់បែកគីមីគោលដៅទី១ នៅមានឥទ្ធិពល និងប្រសិទិ្ធភាពខ្ពស់នៅឡើយ​។

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅពេលនេះ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកគីមី១គ្រាប់ហើយ និងកំពុងប្រតិបត្តិការវេចខ្ចប់ឲ្យមានសុវត្ថិភាព ខណៈគ្រាប់បែកមួយគ្រាប់ទៀត កំពុងបន្តស្វែងរក។

សូមជម្រាបថា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ មានមនុស្ស៥នាក់ រួមមានក្មេងប្រុស៤នាក់ និងស្រីម្នាក់ បានអះអាងថា ពួកគេបានរងគ្រោះដោយសារធាតុគីមី ភាយចេញពីគ្រាប់បែកគីមី ដែលកប់ក្នុងចំការដំឡូងមួយកន្លែង ចម្ងាយពីប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងដែលមន្ត្រីជំនាញស៉ីម៉ាក់ និងអាជ្ញាធរគីមី កំពុងប្រតិបត្តិការដោះគ្រាប់បែក។ បន្ទាប់ពីមានបញ្ហាសុខភាព ដូចជាឈួលចូលភ្នែក រមាសលើរាងកាយ និងពិបាកដកដង្ហើមនោះ ពួកគេទាំង៥នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដឹកបញ្ជូនទៅមន្ទីរពេទ្យ៕

{IfMobile}

{ElseMobile}

{EndIfMobile}