(ភ្នំពេញ)៖ តំណាងរាស្ត្របក្សសង្គ្រោះជាតិស្ទើរតែពាក់កណ្តាល បានរត់ចេញពីប្រទេសក្រោមលេសថា ភ័យខ្លាចរឿងសុវត្ថិភាព។ ការចាកចេញយ៉ាងគំហុគរបស់អ្នកតំណាងរាស្ត្រ រួមទាំងអនុប្រធានគណបក្សនេះផងបានកើតឡើងស្របពេលដែលអាជ្ញាធរកំពុងស៊ើបអង្កេត អ្នកពាក់ព័ន្ធជាគូកនក្នុងសំណុំរឿងក្បត់ជាតិដ៍ធំមួយនេះជាមួយលោក កឹម សុខា។ ព្រឹត្តិការណ៍នេះត្រូវបាន ក្រុមអ្នកវិភាគឯករាជ្យមើលឃើញមូលហេតុលាយឡំគ្នាច្រើនយ៉ាង ដែលបានជំរុញឲ្យតំណាងរាស្ត្រ និងមន្ត្រីបក្សសង្គ្រោះជាតិរត់ចេញពីប្រទេសបន្តកន្ទុយគ្នាដូច្នេះ។

មូលហេតុទី១៖ គឺដោយសារតែអ្នកខ្លះមានខ្លួន និងបានដឹងខ្លួនច្បាស់ណាស់ថា ពួកគេបាននិងកំពុងជាប់ជំពាក់យ៉ាងជ្រៅទៅនឹងសំណុំរឿងក្បត់ជាតិជាប្រព័ន្ធដែលវាមិនខុសអ្វីពីសុភាសិតបូរាណខ្មែរដែលពោលថា «គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ» នោះឡើយ។ ដោយសារតែដឹងខ្លួនថា ជាប់ជំពាក់នេះហើយបានជាអ្នកខ្លះដាក់មេប្រូចតាំងតែពីថ្ងៃចាប់ខ្លួនលោក កឹម សុខា ដំបូងម៉្លេះ។

មូលហេតុទី២៖ ក៏មានដែរ អ្នកតំណាងរាស្ត្រឱកាសនិយមមួយចំនួនដែលបន់ឲ្យតែមានបញ្ហាបន្តិចបន្តួច នឹងអាលបានលេសចាកចេញពីប្រទេសទៅធ្វើទេសចរណ៍ ឬក៏ទៅជួបប្រពន្ធកូននៅស្រុកបារាំង ឬអាមេរិក ជាដើម។ ពួកអ្នកតំណាងរាស្ត្រជើងមិនជាប់ដី ក្បាលមិនជាប់មេឃទាំងនោះបានមកធ្វើនយោបាយ និងក្លាយជាតំណាងរាស្ត្រនៅស្រុកខ្មែរគឺដោយសារតែតូលុយព្រោះចង់បានតំណែង និងលាភសក្ការៈតែប៉ុណ្ណោះ គឺមិនមែនមកធ្វើនយោបាយដើម្បីបម្រើជាតិអ្វីនោះឡើយ។ ដូច្នេះហើយបានជា ពេលក្លាយជាតំណាងរាស្ត្រ មានប្រាក់ខែច្រើន ហើយនៅឆ្ងាយពីប្រពន្ធកូនថែមទៀត ក៏នាំគ្នាសប្បាយផឹកស៊ី ស្រីញី ក្បត់ប្រពន្ធកូនរហូតហ៊ានប្រព្រឹត្តអំពើអាណាចារ្យនៅកន្លែងធ្វើការ និងអ្នកខ្លះប្រើសម្តីដូចពពួករោគចិត្តផ្នែកកាមគុណអ៊ីចឹង។

មូលហេតុទី៣៖ ការចាកចេញទៅក្រៅប្រទេស ឬការសម្ងំស្ងៀមមិនធ្វើសកម្មភាពរបស់តំណាងរាស្ត្រសង្គ្រោះជាតិខ្លះក៏ព្រោះតែពួកគេស្អប់លោក កឹម សុខា បន់ឲ្យតែសមត្ថកិច្ចចាប់ញាត់គុកអរខ្លាំងណាស់ពីព្រោះលោក កឹម សុខា បានចូលមកដណ្តើមអំណាច ហើយបានទៅត្រូវរ៉ូវជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្ចាត់លោក សម រង្ស៊ី ចេញពីប្រធានបក្សដើម្បីដណ្តើមអំណាច។ ដូច្នេះពេលកម្មពៀរធ្លាក់ទៅលើលោក កឹម សុខា ពួកគេសប្បាយចិត្តហើយក៏ឈរឱបដៃមើលតែម្តងទៅ។

មូលហេតុទី៤៖ គឺភាពកំសាករបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលមិនខុសអ្វីពីលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះឡើយ។ ជាក់ស្តែង លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលខំតាំងខ្លួនជាអ្នកក្លាហាន ហើយដែលទើបតែចំអកឲ្យលោក សម រង្ស៊ី និងសហការីរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះថា ខ្លួនមិនរត់ចោលស្រុកទេ ដោយសារតែការស្អប់ខ្ពើមភាពកំសាក មិនចង់ឲ្យការសម្លុតគំរាមកំហែងទទួលបានជោគជ័យ។ ប៉ុន្តែស្រាប់តែពីរថ្ងៃក្រោយមកក៏បានដាក់មេប្រូចបាតជើងសព្រាតបាត់ទៅហើយដែរ។ បើសុទ្ធតែបែបនេះ តើប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្របក្សសង្គ្រោះជាតិរំពឹងលើអ្វី? គឺមិនខុសពីរំពឹងលើមេឃ លើផ្កាយនោះឡើយ។

មូលហេតុដូចបានលើកឡើងខាងដើមនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សសង្គ្រោះជាតិ មិនមែនជាទីពឹងរបស់ប្រជាពលរដ្ឋដូចដែលពួកគេអួតអាងនោះឡើយ។ ផ្ទុយទៅវិញ គណបក្សនេះប្រមូលផ្តុំដោយក្រុមមន្ត្រីឥតបានការ បានតែវោហារ តែជាសម្តីអត់គ្រាប់។ ពេលមានរឿងបន្តិចបន្តួចក៏រត់បាតជើងសព្រាតប្រាស់អាយុតែរៀងៗខ្លួនទុកឲ្យអ្នកគាំទ្រហេលហាល រសេះរសោះ អស់កម្លាំង គ្មានទីពឹង ដូចកូនឥតមេបា។ កូនស្រីរបស់លោក កឹម សុខា ឈ្មោះ កឹម មនោវិទ្យា ធ្លាប់បានរិះគន់ជាសាធារណៈចំពោះតំណាងរាស្ត្រដ៏សែនកំសាករបស់បក្សសង្គ្រោះជាតិដែលរត់យកតែរួចខ្លួន រកតែមនុស្ស ១០ គ្រាប់មកជួយឈរកំដរនៅមុខពន្ធនាគារក៏មិនបានផង។

កុំថាឡើយតែមន្ត្រីបក្សចំមុខ សូម្បីតែសកម្មជនដែលលាក់មុខក្នុងស្ថាប័នសារព័ត៌មានឈ្មោះ ជុន ច័ន្ទបុត្រ ដែលពេលខ្លះធ្លាប់ចំអកឲ្យលោក សម រង្ស៊ី ដែរនោះក៏មហាកំសាកដៀតែខ្នូច ដូចតែគ្នាដែរ។ មិនទាន់ដឹងអីផងរត់បានជើងសព្រាតទៅហើយ គឺសុទ្ធតែពួកចិត្តមិនសឿងដូចពាក្យសម្តីនិយាយសោះ។ នេះហើយគឺជាសារជាតិពិតប្រាកដរបស់មន្ត្រីបក្សសង្គ្រោះជាតិ។ អត្តសញ្ញាណសម្រាប់សម្គាល់ពួកក្បាលមិនជាប់មេឃ ជើងមិនជាប់ដី គឺភាពកំសាកឥតបានការ បានតែអួតក្អេងក្អាងដូចក្អាត់ក្នុងក្អមតែប៉ុណ្ណោះ។

ដោយសារភាពកំសាក និងសម្បូរដោយមនុស្សឱកាសនិយម ឥតបានការបែបនេះហើយបានជាអនាគតបក្សសង្គ្រោះជាតិពេលនេះ កំពុងប្រឈមមុខនឹងការអាចត្រូវរលំរលាយបាត់រូបរាងនៅពេលខាងមុខដ៏ខ្លីដោយសារតែអំណួត ការប្រព្រឹត្តខុសច្បាប់ និងបាបកម្មដែលពួកគេបានសាងចំពោះប្រទេសជាតិកន្លងទៅតាមរយៈការញុះញង់ បំបែកបំបាក់ជាតិ បង្កើតវប្បធម៌ឲ្យមនុស្សខ្មែរចេះតែមើលបំណាំ ចាំតែស្តីបន្ទោស វាយប្រហារ និងជេរប្រមាថគ្នា។ ទីបំផុត អ្នកដាំអ្វីនឹងទទួលបានផលនោះ៕

ដោយ៖ សូរ គងជ័យ