(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរប្រៀបវារៈដូចជា៖

១៖ អង្គប្រជុំបានអនុម័ត លើរបាយការណ៍ស្ដីពី សកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥។

២៖ អង្គប្រជុំបានអនុម័ត សមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ចំនួន៣រូបរួមមាន លោកស្រី ពៅ សារឿន, លោក សត្យា វុធ និងលោក ឡុង រី។

៣៖ អង្គប្រជុំបានអនុម័តបញ្ចូលរប្រៀបវារៈ នៃសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នូវសេចក្ដីព្រាងច្បាប់ ការអនុម័តយល់ព្រមពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន និងប្រទេសចិន។

៤៖ អង្គប្រជុំបានអនុម័ត​កាលបរិច្ឆេទប្រកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧៕