(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧​នេះ បានចេញសេចក្ដីជូនដំណឹង ដោយប្រកាសមិនផ្ដល់ប័ណ្ណសារព័ត៌មានជូនអ្នកកាសែត ដែលបម្រើការងារនៅស្ថាប័ន The Cambodia Daily និងវិទ្យុអាស៊ីសេរី ទៀតនោះឡើយ ដោយសារតែអង្គភាពរបស់ពួកគេនេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជា ដោយឯកតោភាគី។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន ​Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា «អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជ្រាបថា អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍មិនផ្ដល់ប័ណ្ណសារព័ត៌មាន ជូនលោក លោកស្រី អ្នកនាង កញ្ញា ដែលបម្រើការងារដោយសារព័ត៌មាន The Cambodia Daily និងវិទ្យុអាស៊ីសេរីតទៅទៀតទេ»។

ក្រសួងព័ត៌មាន បានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា «ដោយសារអង្គភាពសារព័ត៌មានទាំង២នេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាដោយឯកតោភាគី កាលពីខែកញ្ញា ឆ្នាំ២០១៧»

សូមបញ្ជាក់ថា កាសែត Cambodia Daily បានជំពាក់ពន្ធរាជរដ្ឋាភិបាលកម្ពុជាលើដំណើការរបស់ខ្លួនប្រមាណជា៦លានដុល្លារអាមេរិក។ កាសែតនេះបានប្រកាសបិទការចេញផ្សាយ របស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ បន្ទាប់ពីបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។

ដោយឡែក វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន ​នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ហើយបែងចែកឲ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៖