(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ការឡើងគ្រងរាជសម្បត្តិរបស់​ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ​ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ការអញ្ជើញទៅប្រទេសប្រ៊ុយណេ របស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេល៣ថ្ងៃ ដែលធ្វើឡើង​ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧​ តបតាមការអញ្ជើញរបស់​ព្រះករុណា ព្រះចៅស៊ុលតង់ ​ហាជី​ ហាសាណាល់​ បុលគីយ៉ាស់​ ។

ក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ។ ការអញ្ជើញរបស់ព្រះករុណា ព្រះចៅស៊ុលតង់ ​ហាជី​ ហាសាណាល់​​បុល​គី​យ៉ា​ស់ ​ចំពោះសម្តេចតេជោ ហ៊ុន សែន និងការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន​ នៅ​ក្នុង​​ពិធី​​ខួប​អនុស្សាវរីយ៍​ដ៏សំខាន់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំ​របស់​ថ្នាក់ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរ​ ដើម្បី​ពង្រឹងថែមទៀតនូវ​កិច្ចសហប្រតិបត្តិការទ្វេភាគី​ និងពហុភាគី ​រវាង​ព្រះរាជា​ណាចក្រទាំងពីរ​៕