(ភ្នំពេញ)៖ ក្រុមហ៊ុន ស្មាតអាស្យាតា បានបន្ដផ្ដល់មូលនិធិ ដល់និស្សិត ចំនួន១០នាក់បន្ថែមទៀត ទៅលើជំនាញព័ត៌មានវិទ្យា ក្នុងឆ្នាំ២០១៧នេះ ដែលធ្វើឡើងក្នុងឱកាស ចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា (NIPTICT) នៅថ្ងៃទី០៤ ខែកញ្ញា ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកត្រាំ អ៊ីវតឹក។

លោក ថូម៉ាស ហ៊ុន (Tomas Hundt) នាយកប្រតិបត្ដិកក្រុមហ៊ុនស្មាត បានថ្លែងថា «ស្របពេលដែលក្រុមហ៊ុនស្មាត នៅតែបន្ដឈានមុខគេ ក្នុងឧស្សាហកម្មទូរគមនាគមន៍ចល័ត និងអ្នកគាំទ្រយ៉ាងច្រើន ចំពោះការអភិវឌ្ឍសហគមន៍ ដូច្នេះជាធម្មតាយើងតែងតែលើកទឹកចិត្ដ ដល់ការអភិវឌ្ឍជំនាញ ICT តាមរយៈការអប់រំ ហើយយើងនឹងពង្រីកកម្មវិធីអាហារូបករណ៍ Smart Edu នៅឆ្នំានេះ ។ខ្ញុំសង្ឃឹមថា កម្មវីធីនេះ នឹងមានឱកាសបន្ថែមសម្រាប់យុវជនខ្មែរ ដែលមានទេសពកោសល្យ នៅពេលដែលពួកគេបន្ដខិតខំប្រឹងប្រែងរៀនសូត្រ និងមានភាពឆ្លាតវ័យ»

ទន្ទឹមនឹងនោះលោក សំ សិទ្ធសេរី នាយករង វិទ្យាស្ថានជាតិ NIPTICT ក៏បានថ្លែងសេចក្ដីរីករាយ ដែលក្រុមហ៊ុនស្មាត បានបន្ដផ្ដល់អាហារូបករណ៍ Smart Edu របស់ខ្លូន និងផ្ដល់អាហារូបករណ៍លើជំនាញ ICT ចំនួន១០កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតជួបបញ្ហាហិរញ្ញវត្ថុ ក្នុងការចង់រៀនជំនាញនេះ ។

ព្រមជាមួយគ្នានេះ រដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក បានថ្លែងផងដែរថា «ខ្ញុំអរគុណណាស់សម្រាប់ សមិទ្ធផលថ្មីនេះ ពិសេសក្រុមហ៊ុនស្មាតនៅតែជាដៃគូអភិវឌ្ឍន៍ដ៏ខ្លាំងមួយរបស់ក្រសួងប្រៃសណីយ៍ តាមរយៈគំនិតផ្ដួចផ្ដើមជាច្រើនក្នុងវិស័យ ICTនេះ ។ដូច្នេះយើងនឹងបន្ដអភិវឌ្ឍយុវជនដែលមានទេសកោសល្យ និងមានជំនាញ បន្ថែមទៀត ស្របតាមចក្ខុវិស័យ ដែលបានកំណត់ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យា និងព័ត៌មានវិទ្យាឆ្នាំ២០២០»

រដ្ឋមន្ដ្រីបន្ដថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ស៊ីមកាត ប្រហែល១៩លាននាក់ ដែលក្នុងនោះ ប្រជាពលរដ្ឋកម្ពុជា ប្រើស៊ីមកាត របស់ស្មានច្រើនជាងគេ ។

គួរបញ្ជាក់ថា អាហារូបករណ៍ ដែលត្រៀមសម្រាប់និស្សិតប្រឡងយកនេះ គឺស្ថិតក្នុងចំណោមអាហារូបករណ៍ ចំនួនសរុប ២០កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ Smart Edu ។នៅដើមឆ្នាំ​២០១៦ ក្រុមហ៊ុនស្មាត បានបរិច្ចាកទឹកប្រាក់ ជាង៣៥ម៉ឺនដុល្លារ សាងសង់អន្ដេវាសិកដ្ឋាន ក្នុងវិទ្យាស្ថានជាតិ NIPTICT សម្រាប់ឲ្យសិស្សនិស្សិត យ៉ាងហោចណាស់១០០នាក់ បានស្នាក់នៅ ដែលនិស្សិត ខ្លះមកពីទីជនបទ ហើយដែលការឧបត្ដម្ភនេះ បានអនុញ្ញាត ឲ្យពួកគេបានប្រើប្រាស់ធនធានផ្នែកICT ដើម្បីជាការអភិវឌ្ឍជំនាញ មានសមត្ថភាពប្រកួតប្រជែង ថ្នាក់សាកល៕