(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរគីមីនៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែតុលានេះថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក សម្រាប់ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមទៀតហើយ ខណៈដែលប្រជាពលរដ្ឋជាង១ពាន់នាក់ បានបន្តជម្លៀសចេញពីលំនៅឋាន ទៅទីសុវត្ថិភាព។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា «ថ្ងៃនេះ កម្លាំងជំនាញរបស់យើងចាប់ផ្តើមប្រតិបត្តិការ ស្វែងរកគ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ទៀត បន្ទាប់ពីថ្ងៃម្សិលមិញ យើងបានរកឃើញគ្រាប់បែក១គ្រាប់ហើយ ដោយធ្វើការគ្របទុកយ៉ាងម៉ត់ចត់ មិនឲ្យភាយសារធាតុចេញមកក្រៅឡើយ»

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ទៀតថា ដោយនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ចំថ្ងៃបុណ្យចេញវស្សានោះ កម្លាំងជំនាញសម្រេចឲ្យប្រជាពលរដ្ឋ ធ្វើបុណ្យចេញវស្សានៅវត្តសិន រហូតដល់ម៉ោង៩ព្រឹក ទើបជម្លៀសប្រជាពលរដ្ឋចេញ ពីលំនៅឋាន និងវត្តអារ៉ាម ទៅកាន់ទីសុវត្ថិភាព ទើបមន្ត្រីជំនាញចាប់ផ្តើមប្រតិបត្តិការ។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា នៅថ្ងៃនេះ លោកនិងមន្ត្រីជំនាញអន្តរជាតិ នឹងចុះទៅវាយតម្លៃអំពីដំណើរការបន្តប្រតិបត្តិការដោះគ្រាប់បន្សាបគ្រាប់បែកគីមីប្រភេទ CS របស់អាមេរិកនេះ។

លោក ហេង រតនា បានសូមថ្លែងអរគុណអាជ្ញាធរមូលដ្ឋាន​ ព្រះសង្ឃ​ ប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្ម និងអនុវត្តតាមការណែនាំរបស់អ្នកជំនាញ។​

សូមជម្រាបថា គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៕