(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ក្នុងវិស័យវាណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង នឹងត្រូវប្រកាសនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ។ នេះបើតាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ គណៈកម្មការប្រឹក្សាការងារនឹងប្រជុំបញ្ចប់ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខ១ ក្នុងចំណោមតួលេខ៣ ដែលបានរកឃើញដោយ ក្រុមការងារបច្ចេកទេស ក្នុងនោះភាគីរដ្ឋាភិបាល ១៦៥$ ភាគីសហជីពស្នើដំឡើង១៧០$ និងភាគីថៅកែស្នើតម្លើង ១៦២$។

លោក សោម អូន ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុជា តំណាងភាគីខាងសហជីព មានការរំពឹងថាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៨នេះ នឹងអាចដំឡើងពីចន្លោះ ១៦៥ ទៅ១៧០ ដុល្លារក្នុងមួយខែ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនូនទា​បបំផុត ១៥៣ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់អត្ថ​ប្រយោជន៍ផ្សេងៗទៀត៕