(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើងរួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រជាជនស្លូតត្រង់យ៉ាងតិច៤៥នាក់បានស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ទៅ​លើ​តំបន់គ្រប់គ្រងដោយ​ក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី៕

២៖ ទីបំផុតសង្រ្គាម​ពាក្យសម្តីបានផ្ទុះ​ឡើង​រវាងរដ្ឋាភិបាល​ជប៉ុន និងកូរ៉េខាងជើង ដោយ​ទីក្រុងតូក្យូ បានគាំទ្រនិន្នាការ​ទណ្ឌ​កម្ម និង​ការគំរាម​ពីកម្លាំងយោធា​របស់​សហរដ្ឋអាមេរិក ខណៈទីក្រុង​ព្យុងយ៉ាងបានព្រមាននឹង​បញ្ចេញរិទ្ធិអំណាច​ដ៏មហា​សាល​នៃអាវុធ​នុយ​​ក្លេ​អ៊ែរ​របស់​ខ្លួន​ទៅលើ​ប្រទេសជប៉ុន៕

៣៖ រដ្ឋាភិបាល​អាមេរិករបស់ ​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេចចិត្ត​បណ្ដេញមន្ត្រីទូតគុយបា ១៥នាក់ ចេញ​ពីទីក្រុង​វ៉ាស៊ីនតោន ហើយដែល​ការសម្រេច​ចិត្តនេះកើតមានឡើង តែមួយ​សប្ដាហ៍​ប៉ុណ្ណោះក្រោយលេច​លឺព័ត៌មានថាទីក្រុងវ៉ាស៊ីនតោន​មានចេតនា​កាត់បន្ថយ​ចំនួនមន្ត្រីទូត​របស់ខ្លួន​ច្រើនជាងពាក់​កណ្ដាលប្រចាំទីក្រុង​ឡាហាវ៉ាន់​ប្រទេស​គុយបា៕

៤៖ អភិបាលកោះ ភើតូរីកូ (Puerto Rico) បានឲ្យដឹងនា​ថ្ងៃពុធនេះថា តួលេខផ្លូវការ​នៃចំនួនមនុស្ស​បាត់បង់ជីវិត​ដោយសារតែមហន្តរាយ​​​ បង្កឡើងដោយខ្យល់ព្យុះ ហឺរីខិន ម៉ារៀ (Hurricane Maria) បានកើនឡើង​ដល់ ៣៤នាក់៕

៥៖ បណ្តាញប្រព័ន្ធ​ផ្សព្វផ្សាយចិនបានចាក់បញ្ចាំង​នាទីឯកសារមួយស្តីពី​សមិទ្ធផលនានា ដែលសបញ្ជាក់ពី​​កិច្ច​ប្រឹង​ប្រែង​ នៃការ​ធ្វើ​កំណែ​ទម្រង់​​វិស័យយោ​ធា​ក្នុងអំឡុងពេល ០៥ឆ្នាំ ចុងក្រោយនេះ ដើម្បីជំរុញ​កម្លាំងចិត្ត​កាន់តែខ្លាំង​ថែមទៀត នៅ​ក្នុង​គោល​ដៅ​​របស់​​​មហា​អំណាច​​នៅអាស៊ី​មួយនេះ សំដៅ​កសាងកងទ័ព​ដ៏មានឥទ្ធិពល​បំផុត​មួយលើលោក៕

៦៖ បើទោះជាមានការព្រមាន​ពីទីក្រុងម៉ាឌ្រីត​ក៏ដោយ ក៏រដ្ឋាភិបាលតំបន់កាតាឡាន (Catalonia) នៅតែប្រកាន់​ជំហរថា នឹងប្រកាសឯករាជ្យ​ផ្ដាច់ខ្លួនពីប្រទេស​អេស្ប៉ាញ នៅប៉ុន្មាន​ថ្ងៃមុខនេះ។ ប៉ុន្តែព្រមពេល​ជាមួយគ្នា ព្រះមហាក្សត្រ​អេស្ប៉ាញ ទ្រង់ ហ្វេលីព ទី០៦ (Felipe VI) មានបន្ទូលថា ឯករាជ្យនេះ​កំពុងនាំប្រជាជន​កាតាឡាន​ចេញពីច្បាប់ ក៏ដូចជាបង្កផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច​នៅក្នុងតំបន់ និងប្រទេស​អេស្ប៉ាញ​ទាំងមូល៕