(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា និងក្រុមម្ចាស់ផ្ទះ U19 ឥណ្ឌូនេស៊ី បានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-០ មុននេះបន្ដិច នៅកីឡដ្ឋាន Patriot Candrabgha ប្រទេសឥណ្ឌូនេស៊ី ។

ជំនួបកម្ដៅសាច់ដុំនេះ ក្រុមទាំងពីរបានបើកការវាយសម្រុករៀងៗខ្លួន តែ ៨៥នាទីដំបូង គ្មានកីឡាករណាអាចបំបែកពង់មានគ្នាបានឡើយ លុះឈានដល់នាទីទី៨៧ និងនាទី៨៨ ទើបកីឡាករពាក់អាវលេខ ៩ និងលេខ១០ របស់ក្រុម U19 ឥណ្ឌូនេស៊ី បានទម្លាយសំណាញ់ទីក្រុមគោព្រៃជំទង់កម្ពុជាផ្ទួនៗ ចំនួន ២គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។ មិនតែប៉ុណ្ណោះ ការព្យាយាមវាយបករបស់កីឡាករយុវជនកម្ពុជា បានបង្កកំហុស រហូតត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមទៀតផង ។

សូមបញ្ជាក់ថា នេះជាការប្រកួតសមជើងរបស់ក្រុម U19កម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018  ពូលG ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែតុលាខាងមុខ ។ បន្ទាប់ពីការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា ឬក្រុមធំ ក៏ត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លើកីឡដ្ឋាន Patriot Candrabgha ដូចគ្នា ដើម្បីដកស្រង់បទពិសោធន៍ ដើម្បីត្រៀមប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខផងដែរ៕