(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំឲ្យយុវជនកម្ពុជា២៩នាក់ ដែលនឹងត្រៀមចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» លើកទី៤៤ ផ្សព្វផ្សាយពីកត្តាសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាដល់យុវជននៃប្រទេសដទៃ ពិសេសវិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋមន្ត្រីផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាសទទួលជួបក្រុមនិស្សិតកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីសម្ដែងការគោរពសម និងស្ដាប់នូវអនុសាសន៍របស់លោករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរណ៍ ដូច្នេះហើយក្រុមយុវជនកម្ពុជា ដែលនឹងចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាពេលខាងមុខនោះ ត្រូវផ្សព្វផ្សាយទៅកាន់យុវជនប្រទេសដទៃឲ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកការទូតជំនួសរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា អ្វីដែលសំខាន់ចំពោះការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជានោះ ក្រុមយុវជនកម្ពុជាត្រូវផ្សព្វផ្សាយពីប្រទេសកម្ពុជាថា ជាប្រទេសមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ កម្ពុជាមានប្រាង្គប្រាសាទបុរាណដ៏ល្បាញល្បី ដូចជា ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទរាប់ពាន់ទៀត កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ នៅភូមិភាគឦសាន្តទៀតផងដែរ ពិសេសគឺអនុគ្រោះដល់លទ្ធភាពនៃការវិនិយោគ។

ក្រៅពីនេះ លោករដ្ឋមន្ត្រីបានដាស់តឿនដល់ក្រុមយុវជនទាំងនោះថា ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញទៅកាន់យុវជនប្រទេសដទៃថា ប្រជាពលរដ្ឋកម្ពុជាយើង ពិតជាមានសាមគ្គីភាព ចេះស្រឡាញ់គ្នា ពិសេសជាជាតិសាសន៍ដែលស្រឡាញ់ និងចេះថែរក្សាសន្តិភាព និងការពារស្ថិរភាពផងដែរ។

យុវជនកម្ពុជាទាំង២៩នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលមានរយៈពេល៥២ថ្ងៃ ចាប់តំាងពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៤នេះ ប្រតិភូយុវជនទាំង១១ប្រទេស នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន‌‌ បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធីជាច្រើន ឆ្លងកាត់ប្រទេសអាស៊ាន ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងត្រឡប់ទៅបញ្ចប់កម្មវិធីនៅប្រទេសជប៉ុនវិញ។

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានចាប់ផ្តើមនៅឆ្នាំ១៩៧៤ ហើយប្រទេសកម្ពុជាបានចូលរួមនៅឆ្នាំ២០០០៕