(កណ្តាល)៖ ដើម្បីត្រៀមចូលរួមអបអរសាទរក្នុងពិធីបុណ្យជាតិ អុំទូក អកអំបុក សំពះព្រះខែ អាជ្ញាធរខេត្តកណ្តាល បានរៀបចំពិធីអុំទូកដើម្បីសាកល្បងកីឡាករ-កីឡាការិនី រយៈពេល ២ថ្ងៃនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០១៧ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនី ចំណុះទូកជាង២ពាន់នាក់ ជាការបើកកម្មវិធីប្រណាំងទូក។

លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែង «ឆ្នាំនេះរដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីប្រណាំងទូក រយៈពេលពីរថ្ងៃ គឺថ្ងៃទី៤-៥ ខែតុលា ដោយមានទូកបីប្រភេទ សរុប៦៤ទូក ចូលរួមប្រណាំង មានទូក- ង ប្រភេទវែង ទូកផ្កាចារ និងទូកខ្នាតអន្តរៈជាតិ។ ការប្រកួតប្រណាំងទូកនេះ ដើម្បីសាកល្បងសមត្ថភាព កីឡាករកីឡាការិនី និងហ្វឹកហាត់ ដើម្បីទៅប្រណាំង នៅមុខព្រះបរមរាជវាំង នៅពេលខាងមុខនេះ  និងប្រកួតប្រណាំង ដើម្បីដណ្ដើមពាន កីឡាករប្រណាំងទូករបស់ខេត្តកណ្ដាល។ ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានពាន និងរង្វាន់ ទូកចំណាត់ថ្នាក់លេខ២ ទទួលបានទង់ និងរង្វាន់ និងចំណាត់ថ្នាក់លេខ៣ ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ»។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់កីឡាករកីឡាការិនី ចំណុះទូលទាំងអស់ពេលប្រកួតប្រណាំង ត្រូវខិតខំបញ្ចេញឲ្យអស់សមត្ថភាពកម្លាំងកាយចិត្ត ដើម្បីទួលបានជោគជ័យ នាំកេរ្ដិ៍ឈ្មោះ ដណ្ដើមពាន ទៅឲ្យភូមិឃុំស្រុកខ្លួនវិញ និងត្រូវគោររពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង នៃការប្រកួតប្រណាំង ដែលគណៈកម្មការបានរៀបចំចៀសវាងការឈ្លោះប្រកែកគ្នា នាំឲ្យបាត់បង់វិន័យសណ្ដាប់ធ្នាប់។
លោកបានបញ្ជាក់ទៀតថា រយៈពេលពីរថ្ងៃ ប្រណាំងទូកនេះ នៅពេលយប់មានការបណ្ដែបប្រទីប បាញ់កាំជ្រួច និងមានប្រគំតន្ត្រី បុរាណសម័យកំសានផងដែរ ព្រមទាំងមានការតាំងពិព័រណ៌ លក់ផផលិតតផលផ្សេងៗ ជាច្រើនស្តង់ផងដែរ៕