(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសំខាន់ៗ ដែលក្នុងនោះមានអនុប្រធានទាំង៣នាក់របស់គណបក្សសង្រ្គោះជាតិ និងតំណាងរាស្រ្តគណបក្សនេះ ជិតកណ្តាល បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ ស្របពេលដែលរាជរដ្ឋាភិបាល បើកការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធផ្សេងទៀត នៅក្នុងសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើមខែមុន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍។

របាយការណ៍ដែលផ្តល់ដោយមន្រ្តី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជូនបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះបានឱ្យដឹងថា ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិទាំង៥៥នាក់ មានតែជាង២០នាក់ប៉ុណ្ណោះ ដែលមានវត្តមានពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ខណៈដែលមួយចំនួនធំបានចាកចេញទៅក្រៅប្រទេស។

របាយការណ៍បានបញ្ជាក់ថា តំណាងរាស្រ្ត និងក្បាលម៉ាស៊ីនសំខាន់ដែលបានចាកចេញពីកម្ពុជានោះរួមមាន លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក យឹម សុវណ្ណ, លោក យ៉ែម បុញ្ញឫទ្ធិ, លោកស្រី ជូឡុង សួមូរ៉ា, លោក ឡុង រី, លោក អ៊ូ ចាន់ឫទ្ធិ, លោក កែវ ភិរម្យ, លោក ហេង ដាណារ៉ូ, លោក ងឹម ញេង, លោក ឡាត លីតី, លោក រៀល ខេ​មរិន្ទ្រ លោក គង់ សុភា, លោក ឡុង ប៊ុននី, លោក វណ្ណ ណារិទ្ធ, លោក ញ៉យ ចំរើន ជាដើម។

Fresh News មិនអាចទំនាក់ទំនង អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីបំភ្លឺបាននៅឡើយទេ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ។ ប៉ុន្តែបើតាម ការបង្ហើបពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការចាកចេញ ទៅក្រៅប្រទេស របស់មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនេះ ធ្វើឡើងក្នុងគោលបំណងបេសកកម្ម ខណៈមួយចំនួនទៀតបានចាកចេញ ដោយសារការភ័យខ្លាចពាក់ព័ន្ធនឹង សំណុំរឿង លោក កឹម សុខា។

សូមបញ្ជាក់ថា ការសម្រុកចេញទៅក្រៅប្រទេសរបស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំណុំរឿងក្បត់ជាតិនៅកម្ពុជា នឹងមិនបញ្ចប់ ត្រឹមការចាប់ខ្លួនលោក កឹម សុខា នោះឡើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា សំណុំរឿង គឺមានការរៀបចំឡើងជាប្រព័ន្ធ ដែលមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀត។ សម្តេចបានប្តេជ្ញាបន្តវិធានការ កម្ចាត់ក្រុមជនក្បត់ជាតិ ដោយមិនរាថយ នោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបញ្ជាក់ទៀតថា សម្តេចមិនអនុញ្ញាតឲ្យមានក្រុមឧទ្ទាមនៅក្នុងទីក្រុងនោះឡើយ៕

{IfMobile}

{ElseMobile}

{EndIfMobile}