(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្វពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក សំពះព្រះខែ ប្រពៃណីជាតិលើកទី១៦ ក្នុងឱកាសអបអរសាទរថ្ងៃ បុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែ នារសៀលថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតន: អភិបាលស្តីទីខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ គណប្រតិភូខេត្តសុរិន្ទ ប្រទេសថៃ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងប្រតិភូខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន សៀមរាប ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋ ឯកជននានា ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កីឡាក កីឡាកានី ទូកសរុបប្រមាណ១,០៩៥នាក់ មានទូកចំនួន៣០ទូក និងភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

លោក ងួន រតនៈ អភិបាលស្តីទី និងជាប្រធានគណកម្មការរៀបចំអុំទូកខេត្ត បានបញ្ជាក់នៅក្នុងរបាយការណ៍ថា «ខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះ បានធ្វើឡើងចាប់តាំងពី ឆ្នាំ២០០០មក និងបន្តធ្វើជារៀងរាល់ឆ្នាំរហូតមក នៅក្នុងឆ្នាំ២០១៧នេះ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញាតឱ្យធ្វើពិធីបុណ្យអុំទូកថ្នាក់ខេត្ត និងថ្នាក់ជាតិនេះឡើងវិញរួចមក ខេត្តបាត់ដំបងយើង បានប្រារពពិធីបុណ្យអុំទូកនេះឡើងវិញ ដើម្បីអបអររំលឹកខួបដល់វីរកងទ័ពជើងទឹក ដ៏អង់អាចខ្លាហានដែលបានប្រយុទ្ធយកជ័យជំនះលើខ្មាំងសត្រូវ ដែលមានស្នាដៃជាប្រវត្តិសាស្រ្តរបស់កងទ័ពជើងទឹកខ្មែរយើងកាលពីសម័យមុនផងដែរ»

លោក ងួន រតន: បានបញ្ជាក់ថា ទូកដែលរដ្ឋបាលខេត្តបានរៀបចំប្រកួតនាឆ្នាំនេះ គឺមាន៣០ទូក កីឡាករ កីឡាការនី ចំនួន១,០៩៥ នាក់ មានកីឡាករបម្រុងមានចំនួន២៨២នាក់ ក្នុងនោះ មានទូកវែងប្រពៃណីជាតិបុរស់៧គ្រឿងទូកនារី៣គ្រឿង ទូកខ្លីប្រពៃណីជាតិ១២គ្រឿង ទូកង.ប្រពៃណីជាតិ៥គ្រឿង និងទូករបស់ខេត្តសុរិន្ទប្រទេសថៃ១គ្រឿង និងប្រតិភូខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ដោយមានក្រុមប៉ារ៉ាទ័រ(គោមហោះ)មិត្តភាពកម្ពុជាថៃ ចំនួន១២គ្រឿងផងដែរ។

រយៈពេល២ថ្ងៃគឺថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីអបអរសាទេថ្ងៃបុណ្យចេញព្រះវស្សា គឺថ្ងៃ១៤-១៥ កើតពេញបរមី ខែភទ្របទដើម្បីភ្ជាប់ទៅ និងប្រពៃណីរបស់បងប្អូនខ្មែរយើងនៅខេត្តបាត់ដំបង ដែលតែងតែធ្វើជារៀងរាល់ឆ្នាំរហូតមក។

លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានស្វាគមន៍ទៅកាន់អង្គពិធី និងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំពិធីនេះឡើងនាពេលនេះ ដើម្បីអបអរសាទរបុណ្យអុំទូកថ្នាក់ខេត្ត នេះឡើងដើម្បីជ្រើសរើសចំណាត់ថ្នាក់ល្អ យកទៅប្រកួតនៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ និងបានប្រកាសបើកពិធីបុណ្យអុំទូកនេះចាប់ពីពេលនេះតទៅ

បន្ទាប់ពីគណៈអធិបតីបានប្រកាសហើយ ក្រុមកីឡាក កីឡាកានីទូកទាំងអស់ បានចូលប្រកួតបន្ទាប់ពីគណៈកម្មការបច្ចេកទេសអុំទូកខេត្ត បានរៀបតាមគូរប្រកួតដែលបានគ្រោងទុកស្រាប់ និងមានការដាក់តាំងពិពរណ៌ជាច្រើន ស្តង់នៅពេលយប់ក៏មានបាញ់កាំជ្រួច បង្ហោះគោម អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ប្រគំតន្រ្តីសម័យកម្តរនៅពេលរាត្រីផងដែរ៕