(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរគីមីនៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៤ ខែតុលានេះថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក សម្រាប់ថ្ងៃទី២ បានបញ្ចប់់ហើយ ត្រឹមម៉ោង៣៖៣០នាទីរសៀល ដោយប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីលំនៅឋាន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ចូលផ្ទះសំបែងវិញ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា នៅថ្ងៃនេះកម្លាំងជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីក្រសួងការពារជាតិ បានរកឃើញគ្រាប់បែកគីមី១គ្រាប់ ខណៈ១គ្រាប់ទៀតនឹងត្រូវបន្តស្វែងរកនៅថ្ងៃស្អែក។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា «នៅថ្ងៃនេះ មន្ត្រីជំនាញរបស់យើង រួមមានស៉ីម៉ាក់ និងអាជ្ញាធរគីមី បានជីករកឃើញគ្រាប់បែកគីមី១គ្រាប់ហើយ ដោយយើងមិនទាន់យកវាចេញនៅឡើយទេ ដោយគ្រាន់តែគ្រប និងប្រកដំបូលយ៉ាងម៉ត់ចត់ ដើម្បីកុំឲ្យភាយចេញនូវសារធាតុគីមីមកក្រៅ។ យើងរង់ចាំស្វែងរកគ្រាប់បែកគីមី១គ្រាប់ទៀត នៅថ្ងៃស្អែកនេះ»

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ មន្ត្រីនឹងបន្តជម្លៀសប្រជាពលរដ្ឋ ចេញពីលំនៅឋានទៅរកទីសុវត្ថិភាព ប៉ុន្តែដោយថ្ងៃស្អែកចំថ្ងៃបុណ្យចេញវស្សានោះ កម្លាំងជំនាញសម្រេចឲ្យប្រជាពលរដ្ឋ ធ្វើបុណ្យចេញវស្សានៅវត្តសិន រហូតដល់ម៉ោង៩ព្រឹក ទើបជម្លៀសចេញ។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ក៏បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា «មន្រ្តីជំនាញរបស់យើង បានរកឃើញឃាតកដាវប្រើចំហាយពិសញីឈ្មោលលាក់ខ្លួនមួយហើយ​នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ។ ឃាតកនេះលាក់ខ្លួនក្រោមដីប្រមាណ៥០ឆ្នាំ​ មានសាក្សីរស់មកជួយចង្អុលទីតាំងលាក់ខ្លួនហើយ នៅតែរុករកមិនចង់ឃើញ។  ប្រហែលស្នាក់នៅក្នុងដីយូរត្រូវគ្នាជាមួយម្ចាស់ទឹកម្ចាស់ដី​ ចាំតើម្ចាស់ទឹកម្ចាស់ដីក៏មានកង្វល់មិនចង់ឲ្យសម្ងំលាក់ខ្លួន ក្នុងមូលដ្ឋានរបស់គាត់ដែរ​ គាត់អាណិតអាសូរកូនចាបកូនព្រាបគាត់ណាស់។ និយាយលេងទេ!​ គ្រាប់បែកគីមី CS គោលដៅទី១ រុករកឃើញហើយ​!​ ដោយគោលដៅទី២​ មិនទាន់បានរុករកបន្តនៅឡើយទេ​ រង់ចាំចាប់ចង​ វេចខ្ចប់​ គ្រាប់ទី១រួចរាល់សិន!​ ថ្ងៃសែ្អកទី៥​ កំលាំងជំនាញនឹងចាត់វិធានការដោះបន្សាប និងវេចខ្ចប់សារធាតុគីមីនេះហើយ!​ ថ្ងៃសែ្អកខ្ញុំនឹងទៅចូលរួមជាមួយអ្នកជំនាញអន្តរជាតិផងដែរ​ ដើម្បីវាយតំលៃជាមួយមន្ត្រីជំនាញរបស់យើងក្នុងការ ចាត់ចែងបន្តទៀត»។

លោក ហេង រតនា សូមថ្លែងអរគុណអាជ្ញាធរមូលដ្ឋាន​ ព្រះសង្ឃ​ ប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្ម និងអនុវត្តតាមការណែនាំរបស់អ្នកជំនាញ។​ «សូមកោតសរសើរកងកម្លាំងខេមរភូមិន្ទមន្ត្រីជំនាញខាងអាជ្ញាធរគីមី​ និងមន្ត្រីស៊ីម៉ាក់ដែលបានសហការគ្នាយ៉ាងល្អ​ ដើម្បីសម្រេចបានគោលដៅនេះ! ជាពិសេសសូមគោរពអរគុណសម្តេចតេជោ​ បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការចាត់វិធានការបោសសំអាតគ្រាប់បែកអាវុធគីមីនេះ​ ដើម្បីដោះទុក្ខកង្វល់បងប្អូនប្រជាពលរដ្ឋ​ និងផ្តល់នូវសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិតជូនពួកគាត់ ព្រមទាំងសុខដុមរម្មនីកម្មចំរើនរុងរឿង សំរាប់កូនចៅច្រើនជំនាន់ទៅមុខទៀត»៕

អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជា​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី៕

{IfMobile}

{ElseMobile}

{EndIfMobile}