(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រយ៉ាងពេញទំហឹងដល់ផែនការនាំយកសត្វខ្លាធំ (ខ្លាដំបង) ដែលបាត់វត្តមានពីកម្ពុជាហើយនោះ ឲ្យចូលមករស់នៅលើទឹកដីកម្ពុជាឡើងវិញ ព្រោះវាអាចនឹងបង្កើតបានជាផលិតផលទេសចរណ៍សត្វព្រៃដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចជាតិ-អន្តរជាតិ។

លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រអេកូទេសចរណ៍សត្វព្រៃ ក្រោមប្រធានបទ «ខ្លាធំនាំមកនូវមោទនភាពជាតិ» នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រុមប្រឹក្សាភិបាលនាយកអេកូទេសចរណ៍កាមាតាកា នៃប្រទេសឥណ្ឌា អង្គការមូលនិធិពិភពលោកដើម្បីធម្មជាតិអាមេរិក ទទួលបន្ទុកទេសចរណ៍ខាងផ្នែកអភិរក្ស តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូវិស័យឯកជនមួយចំនួន។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា វិស័យទេសចរណ៍​កម្ពុជា បាននិងកំពុងបន្ដពង្រឹងតួនាទីតាម​រយៈ​ការ​​​ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការថែរក្សា អភិរក្សបេតិកភណ្ឌ និង​របក​​​គំហើញថ្មីៗនៃវប្បធម៌ និងការការពារបរិស្ថានធម្មជាតិ ​ជាពិសេសវិស័យទេសចរណ៍ បាន​រួម​ចំណែក​ក្នុងការកាត់បន្ថយ និងទប់ទល់​បម្រែ​បម្រួលអាកាសធាតុសកល ដែល​ជា​កង្វល់​របស់​ពិភពលោក​ទាំង​មូល ​នាពេលបច្ចុប្បន្ន។

លោកបានណែនាំថា ដើម្បីជួយក្នុងកិច្ចការពារ និង​អភិវឌ្ឍន៍​ធនធាន​ និងនាំយកសត្វខ្លាធំមកវិញបាន គឺទាមទារឲ្យមានកិច្ចសហការយ៉ាងស្អិតល្មួត និង​មានការចូលរួមពី​គ្រប់ភាគី​រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ ក្នុង​កិច្ច​ការពារ​ធនធានធម្មជាតិ និងបរិស្ថាន។

​​លោកបន្តថា ភូមិ​ភាគឦសាន្តជាតំបន់សម្បូរដោយធនធានធម្មជាតិ ដែលមានអាយុកាលរាប់រយឆ្នាំ ជីវចម្រុះ និង​អំបូរសត្វព្រៃ​ជិតផុតពូជជាច្រើនប្រភេទ ដូចជា ទន្សោង ខ្លារខិន ខ្លាឃ្មុំ ដំរី ខ្ទីង ក្រពើព្រៃ ក្របីព្រៃ ទោច  ត្រយ៉ង ត្មាតជាដើម។ ធនធនទាំងនេះ គឺជាផលិតផលទេសចរណ៍សម្រាប់ទាក់ទាញទេសចរបំផុត។

ក្រសួងទេសចរណ៍មានបំណង​ប្រាថ្នាក្នុងការ​អភិវឌ្ឍតំបន់​ភូមិ​ភាគ​ឦសាន្ត ជាពិសេសខេត្តមណ្ឌលគិរី និងក្លាយជាប៉ូល​ទេសចរណ៍សំខាន់ទីបី​របស់​ប្រទេស​សម្រាប់​អេកូ​ទេសចរណ៍ និងសត្វព្រៃ ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទារទេសចរ​គ្រប់គ្រាន់។

លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា សត្វខ្លាធំ និងគោព្រៃ ដែលជាតំណាងជាតិត្រូវបានបាត់បង់ និងផុតពូជ មិនមានវត្តមានក្នុងព្រៃប្រទេសកម្ពុជាតទៀតទេ។ រូបភាពនៃសត្វខ្លាធំចុងក្រោយត្រូវបានឃើញ​ឆ្នាំ២០០៧ ក្នុងតំបន់ជម្រកសត្វព្រៃស្រែពក ក្រោយមកទោះបីជាមានការតាមដាន និងដាក់កាមេរ៉ាជាច្រើន​កន្លែងក៏មិនផ្តិតរូបភាពខ្លាធំដែរ។ ទន្ទឹមគ្នានេះដែរ ខ្លាធំនេះក៏ផុតពូជដែរនៅវៀតណាម ឡាវ និងផ្នែកខាងត្បូង​នៃ​ប្រទេសចិន។ ក្នុង១០០ឆ្នាំចុងក្រោយ សត្វខ្លាធំបានថយចុះរហូតដល់ ៩៧% នៅពេលបច្ចុប្បន្នសត្វខ្លាធំ​នៅសល់​ប្រមាណជា ៣,២០០ក្បាល ដែល៧០ភាគរយនៃចំនួនសត្វខ្លាធំនេះ ​ គឺមានវត្តមាននៅប្រទេសឥណ្ឌា។

លោកបន្ថែមថា ការអភិរក្សសត្វព្រៃ និងស្តារសត្វខ្លាធំឲ្យមាននិរន្តរភាព និងជោគជ័យគឺចាំបាច់ត្រូវមាន​និរន្តរភាព​ហិរញ្ញវត្ថុ មាន​តែ​វិស័យទេសចរណ៍ទេ ដែលនឹងផ្តល់នូវហិរញ្ញវត្ថុ​សម្រាប់ចំណាយប្រតិបត្តិការការពារ និងអភិរក្ស។ ក្រសួងទេសចរណ៍នឹងផ្តល់កិច្ចសហប្រតិបត្តិការ ជាមួយអង្គការ WWF និងក្រសួង​បរិស្ថាន ដើម្បីធ្វើ​ការងារនេះ​ឲ្យ​បា​នជោគជ័យ។

សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិចំនួន ៥លាន​នាក់ កើនឡើង៥% ​រួមចំណែក​ប្រមាណជាង ​១0% នៃ​ផលិតផលក្នុងស្រុក​សរុប (GDP) ​និង​បង្កើត​​​ការងារដោយ​ផ្ទាល់​​ប្រមាណ៦០ម៉ឺននាក់ និងការងារ​ដោយ​ប្រយោល​រាប់​​​សិប​​ម៉ឺននាក់​បន្ថែម​ទៀត។ ក្នុងរយៈពេល៧ខែ ឆ្នាំ​២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិ​ចំនួនជាង ​​៣.១លាននាក់ កើនឡើង១២%។ នៅឆ្នាំ២០២០ កម្ពុជារំពឹង​ថា នឹងទទួល​ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន​នាក់ ដោយនាំមកនូវ​ចំណូលជាតិ​ប្រមាណ​​ជា ៥,០០០លាន​ដុល្លារ បង្កើត​ការងារ​ដោយ​ផ្ទាល់ប្រមាណ​១លាននាក់៕

{IfMobile}

{ElseMobile}

{EndIfMobile}